មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

(សៀមរាប)៖ ម្ចាស់អាជីវកម្មទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកម្មវិធីផ្សាយផ្ទាល់សន្ទនាមតិ។

លោក ណម គឹមអ៊ន បញ្ជាក់ថា មកទល់ពេលនេះ មន្ទីរបរិស្ថានខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវករ ចូលរួមទុកដាក់សំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យ ដែលបណ្ដាលមកពីកាកសំណល់ទាំងនោះ។ ប៉ុន្តែនាពេលខាងមុខ មន្ទីរនឹងមានវិធានការរដ្ឋបាល ដល់អាជីវករ ដែលនៅតែមិនគោរពតាម សេចក្ដីណែនាំនេះ អាចឈានទៅដល់ធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ ក្នុងករណីនៅតែមិនគោរព មន្ទីរនឹងមានជាការផាកពិន័យ ឬដាក់ទណ្ឌកម្មជាដើម។

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងកាកសំណល់បរិក្ខាអគ្គីសនី និងអេឡិចត្រូនិក ដែលមាន ៩ជំពូក ៣៦មាត្រា ក្នុងគោលបំណងគ្រប់គ្រងកាកសំណល់បរិក្ខាអគ្គីសនី និងអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាពបរិស្ថាន ។

អនុក្រឹត្យនេះបានបញ្ជាក់ថា ជនណាដែលបញ្ចេញ ឬបោះចោលកាកសំណល់ បរិក្ខា អគ្គិសនី និងអេឡិចត្រូនិក ទៅក្នុងប្រភពទឹក ទីលានចាក់សំរាម នៅតាមទីសាធារណ: ឬដុត វាយបំបែក បរិក្ខា អគ្គិសនី និងអេឡិចត្រូនិក ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន ត្រូវទទួលផាកពិន័យជាទឹកប្រាក់ ពី ៤ម៉ឺនរៀល ដល់ ២លានរៀល ហើយចំពោះជនណានៅតែប្រព្រឹត្តិបទល្មើសនេះដដែលក្នុងរយ:ពេល២ឆ្នាំ នឹងអាចឈានទៅដល់ការផ្អាកសកម្មភាពជាបន្ទាន់ ៕

អត្ថបទ និងរូបភាព ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលដោយ៖ លោក លីវ សាន្ត