អភិបាលខេត្តរតនគិរី៖ ការបើកសាលារៀនឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ គឺត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាឲ្យបានតឹងរុឹង

(រតនគិរី)៖ ក្នុងដំណាក់កាល ដាក់ឲ្យដំណេីរការឡេីងវិញគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស ដំណាក់កាលទី២ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានជម្រុញដល់គ្រប់សាលានៅទូទាំងខេត្ត ត្រូវមានឧបករណ៍ សម្រាប់វាស់កំដៅ សាប៊ូ អាល់កុល ឬក៏ជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាតសង្គម, សិស្ស ២០ ទៅ ២៥នាក់ ក្នុងមួយថ្នាក់, ត្រូវពាក់ម៉ាស់ទាំងសិស្ស គ្រូបង្រៀន និងបុគ្គលិក, ព្រមទាំងគ្មានការលក់ដូរនំចំណី ឬអាហារក្នុងសាលា។

ការជម្រុញរបស់ឯកឧត្តម ថង សាវុន បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយលោកប្រធានមន្ទីរអប់រំយុវជននិងកីឡា ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនដើម្បីត្រៀមបើកសាលារៀនឡើងវិញក្នុងក្របខ័ណ្ឌទូទាំងខេត្តនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមក៏បានអំពាវនាវដល់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអង្គការដៃគូ ឲ្យយកចិត្តទុកដាក់ លើកកម្ពស់ពង្រឹងវិធានការការពារខ្លួន និងបន្តផ្សព្វផ្សាយឲ្យបានផុសផុលអំពីជំងឺកូវីដ -១៩ ដែលកំពុងបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ១០ លេខ១១ និង១២ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា បានអនុញ្ញាតិ ឲ្យគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស អាចបើកដំណើរការបង្រៀនសិស្សថ្នាក់ទី៩ និងទី១២ ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាដំណាក់ កាលទី២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់ សម្រាកវិស្សមកាលធំ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំ ក៏បានកំណត់យក សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ដោយឡែកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ត្រូវបានកំណត់ យកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី