ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញ នៃមន្ទីររៀបចំដែនដីនគរូបណីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប !

(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដីនគរូបណីយកម្ម សំណង និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលសង្កាត់សំបួរ ក្នុងក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់សំបួរ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីចំនួន ១,៥៨១ក្បាលដី ខណ:ការចែកប័ណ្ណនេះ បានចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០មក ហើយនឹងបញ្ចប់នៅពេលដែលប្រជាពលរដ្ឋទទួលនៅប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្នា ។

លោក ឆាន់ ឆាំ សមាជិកក្រុមប្រឹក្សាសង្កាត់សំបួរ មានប្រសាសន៍ថា រយៈកន្លងមក អាជ្ញាធរខេត្តតែងតែបានរៀបចំការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ក្នុងករណីបញ្ចប់ការបិទផ្សាយជាសាធារណ: ដែលជាក់ស្ដែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីរហូតទៅដល់ ១,៥៨១ក្បាលដី ស្មើនឹង ១.៥៨១ ប័ណ្ណផងដែរ ។

លោក ឆាន់ ឆាំ បានបញ្ជាក់ទៀតថា ការចែកប័ណ្ណរហូតមកដល់ពេលនេះ បានលើសពីពាក់កណ្តាលនៃចំនួន ១,៥៨១ក្បាលដីហើយ វាអាចនឹងចែករួចរាល់នៅដើមខែនេះ ប្រសិនបើប្រជាពលរដ្ឋគោរពទៅតាមពេលវេលាកំណត់របស់មន្ត្រីជំនាញដែលកំពុងធ្វើការជាប្រចាំនេះ ប៉ុន្តែអាចមានការយឺតយ៉ាវដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ពួកគាត់មានដីធ្លីនៅសៀមរាប តែម្ចាស់នៅតាមបណ្តាខេត្តនានា ឬក៏នៅទីក្រុងភ្នំពេញជាដើម ដូច្នេះ សម្រាប់ពលរដ្ឋដែលមិនទាន់បានមកទទួលនៅពេលនេះ អាចដាក់ពាក្យស្នើសុំទៅមន្ទីរដែនដីនគរូបណីយកម្ម សំណង់ និងសុរិយោដី ដើម្បីទទួលយកនៅប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ៕

អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត

កែសម្រួលដោ លីវ សុខុន