កិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅអគាររដ្ឋបាលសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ។ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរ ស្នងការរងខេត្ត អភិបាលក្រុងស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អធិការ និងមេប៉ុស្ដិ៍រដ្ឋបាល ព្រមទាំងមេឃុំ ចៅសង្កាត់មកពីក្រុងស្រុកទាំង៨ជាច្រើនរូបផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា លទ្ធផលបង្រ្កាបបទល្មើសគ្រឿងញៀនសម្រាប់ឆមាសទី១ ឆ្នាំ២០២០ មានចំនួន ៥,៤៦ ៣ករណី កើនលើសឆ្នាំ២០១៩ ចំនួន ១,២៨៨ ករណី ដែលក្នុងនោះករណីជួញដូររក្សាទុកមានចំនួន ៣,៤៤៨ករណី ករណីប្រើប្រាស់ចំនួន ១,៩៧៩ ករណី ការដាំដុះមានចំនួន ៣៣ ករណី និងកែច្នៃមាន ៣ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១០,៨៧៧ នាក់ ក្នុងនោះស្ត្រី ៦៨៧ នាក់ ។ សម្រាប់ខេត្តព្រះវិហារ នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មន្ត្រីជំនាញបានធ្វើការបង្រ្កាបបានចំនួន ២៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥០នាក់ ស្រី ៨នាក់ និងរឹបអូសបានគ្រឿងញៀនក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១៥១,៤៧ ក្រាម ព្រមទាំងវត្ថុតាងជាច្រើនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានរៀបរាប់អំពីការខិតខំប្រឹងប្រែង របស់គណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ក្នុងការបង្រ្កាប និងទប់ស្កាត់នូវការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តព្រះវិហារ ។ ឯកឧត្តម ក៏បានជម្រុញបន្ថែមទៅដល់គ្រប់សមាជិកគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តទាំងអស់ ទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន ថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសស្រុកចំនួនពីរ ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសថៃ និងប្រទេសឡាវ គឺស្រុកជាំក្សាន្ត និងស្រុកឆែប ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរ ជាតិជាមួយប្រទេសជាប់ព្រំប្រទល់ ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀននៅតាមព្រំដែន ។

មានប្រសាសន៍បូកសរុប នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ឯកឧត្តម ថោង សុគន្ធា បានធ្វើការថ្លែងអំណរគុណដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងការបង្រ្កាប និងទប់ស្កាត់នូវបទល្មើសកន្លងមក ។ ឯកឧត្តម ក៏បានអោយដឹងទៀតថា ទោះបីការខិតខំប្រឹងប្រែងក្នុងការបង្រ្កាប និងទប់ស្កាត់ការជួយដូរ និងប្រើប្រាស់ យ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតែកើតមានដដែល និងថែមទាំងកើនឡើងទៀតផង ។ ឯកឧត្តម ក៏បានដាក់ចេញនូវទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន សម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២០ ដល់គណកម្មាធិការថ្នាក់ខេត្ត ត្រូវបន្តអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់នូវការចរាចរ និងប្រើប្រាស់គ្រឿងញៀនអោយបានខ្លាំងខ្លាជាបន្តទៀត ដោយត្រូវពង្រឹងសមត្ថភាព ឆន្ទះ គុណធម៌ ស្មោះត្រង់ និងវិជ្ជាជីវៈ របស់មន្ត្រីអនុវត្តន៍ច្បាប់តាមទិសស្លោកកុំ ៣ គឺ កុំពាក់ព័ន្ធ កុំអន្តរា គមន៍ និងកុំលើកលែង ដោយត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន និងត្រូវផ្តល់ការកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃក្នុងការបំពេញការងារ ដើម្បីនាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបាននូវសុខមាល ភាព និងអភិវឌ្ឍន៍សង្គម និងកសាងបាននូវធនធានមនុស្សប្រកបដោយសក្តានុពលភាព សម្រាប់ជាតិ។