ប្រាសាទក្រវ៉ាន់ ប្រាសាទឥដ្ឋ មានអាយុកាលជាង ១០០០ឆ្នាំ

(សៀមរាប)៖ តាមបណ្ដោយផ្លូវវង់ធំ ផ្នែកខាងកើតប្រាសាទអង្គរ ខាងត្បូងប្រាសាទបន្ទាយក្ដី មានប្រាសាទឥដ្ឋរចនាបថបាខែងមួយដ៏ក្រហមឆ្អិនឆ្អៅគួរជាទីគយគន់ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ខេត្តសៀមរាប នោះគឺប្រាសាទត្រៃលោក្យនាថ ដែលអ្នកស្រុកអង្គរហៅជាទូទៅថា ប្រាសាទក្រវ៉ាន់។

ប្រាសាទនេះ បានស្ថាបនាឡើងក្នុងឆ្នាំ៩២១នៃគ.ស. ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ នាដើមសតវត្សទី១០(៩១០ – ៩២៣) ដោយមន្ត្រីជាន់ខ្ពស់ពីររូបគឺមហីធរវរ្ម័ន និងជ័យវីរវរ្ម័ន ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទក្រវ៉ាន់ មានប្រាង្គប្រាំ ស្ថិតនៅលើខឿនមួយជាន់ តម្រៀបគ្នាជាជួរតែមួយ បែរមុខទៅទិសខាងកើត។ គ្រប់ប្រាង្គទាំងប្រាំ មានទ្វារចំហបែរទៅខាងកើត ដែលមានស៊ុមទ្វារ ផ្ដែរ និងសរសរពេជ្រ ធ្វើពីថ្មភក់ ឯប្រាង្គកណ្ដាល ធំហើយខ្ពស់ជាងគេ ដែលមានសិលាចារឹក នៅលើមេទ្វារ រៀបរាប់ពីកាលបរិច្ឆេទ និងអ្នកស្ថាបនា។

បើទោះបីប្រាសាទនេះ មានអាយុប្រហែល១០០០ឆ្នាំក៏ដោយ ក៏ចម្លាក់នៅក្នុងប្រាសាទឥដ្ឋនេះ នៅតែរក្សាបាននូវលក្ខណៈល្អឥតខ្ចោះ។ ចម្លាក់ក្នុងប្រាសាទនេះ និយាយរៀបរាប់ពីទេវកថាក្នុងព្រហ្មញ្ញសាសនាដូចជា ចម្លាក់ព្រះវិស្ណុត្រីវិក្រម ចម្លាក់ព្រះនាងលក្ស្មី, ចម្លាក់ព្រះវិស្ណុស្ថិតក្នុងកាយវិការរាំ ព្រមទាំងមានចម្លាក់ទេវកថាផ្សេងទៀត។ ចម្លាក់ព្រះនាងលក្ស្មីនេះមានកាន់កេតនភណ្ឌនៃព្រះវិស្ណុ (កងចក្រ)ផង និងព្រះឥសូរ (ត្រីសូល)ផង ក្នុងន័យនេះព្រះនាងជាតំណាងនូវមហិទ្ធិឫទ្ធិដ៏អស្ចារ្យ។

https://goo.gl/maps/Vi5gY9o5LaA4FzTj9

ដោយ៖សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage