រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើក ទី១៥របស់ក្រុមប្រឹក្សាខេត្ត

APP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០–

(រតនគិរី)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើក ទី១៥ របស់ក្រុមប្រឹក្សាខេត្ត ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានអង្គប្រជុំ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះ រចនាសម្ព័ន្ធរដ្ឋបាលខេត្តជាច្រើនរូបទៀត។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗជាអាទិ៍៖ ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២០។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីបញ្ហាប្រឈមការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត, បញ្ហាវិស័យអប់រំដែលកំពុងចាប់ផ្តើមដំណើរការឡើងវិញ, បញ្ហាការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធការផ្តល់សេវាសាធារណៈ។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសំណូមពរឲ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្ដពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈ ពិនិត្យ និងដោះស្រាយរាល់បញ្ហាវិវាទនៅមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ចូលរួមខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី