រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​ការងារ និង​សំណេះសំណាល​នៅ​សហគមន៍​កសិកម្ម​សំរោង​មានជ័យ​ស្រុក​សូទ្រនិគម !

​សៀមរាប​៖ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកជំទាវ រួមជាមួយ និង​ប្រតិភូ​អមដំណើរ ព្រមទាំង​ប្រធាន អនុប្រធាន​និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​កសិករ​សហគម​ន៍​កសិកម្ម​សំរោង​មានជ័យ ដែល​បាន​នឹង​កំពុង​អនុវត្ត​បណ្តុំ​អាជីវកម្ម​កសិកម្ម​គាំទ្រ​ដោយ​កម្មវិធី ASPIRE នៅ​ភូមិ សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ក្នុងនោះ​កសិករ​ឈ្មោះ ឈាវ ហុង មាន​ផ្ទៃដី​ចំនួន​៧.៦០​ហិកតា បាន​នឹង​កំពុង​ដាំ​ដុះ​បន្លែ​ជា​៥​ប្រភេទ ៖ ដំណាំ​បន្លែ​យក​ស្លឹក យក​ផ្លែ ដាំ​ក្នុងផ្ទះ​សំណាញ់ ដាំ​ផ្សិត និង​រោង​ជីកំប៉ុស៍ ចិញ្ចឹម​ត្រី ចិញ្ចឹម​ម​មាន់ ។

​ក្នុង​សេចក្តីរាយការណ៍​របស់ លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ៖ ASPIRE គឺជា​កម្មវិធី​ផ្តល់​ឲ្យ​កសិករ​ទទួលបាន​នូវ​ការអនុវត្តន៍​បច្ចេកទេស​ថ្មី ធាតុ​ចូល​កសិកម្ម​ថ្មី ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ មិន​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ធានា​ឲ្យ​ផលិតកម្ម​កសិផល​កើនឡើង និង​មាន​គុណភាព សម​ស្របតាម​តម្រូវការ​ទីផ្សារ​។ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ជា​កម្មវិធី​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ជួយ​លើ​វិស័យ​កសិកម្ម ដែល​បានទទួល​ហិរញ្ញប្បទាន ពី IFAD និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ។​ខេត្តសៀមរាប​បានចាប់ផ្តើម​អនុវត្ត​កម្មវិធី អា​ស្ប៉ា​យ នៅ​ឆ្នាំ​២០១៩ ដោយ​ផ្តោត​សំខាន់​ដើម្បី​ចងក្រង​ក្រុមគ្រួសារ​កសិករ ជា​បណ្តុំ​អាជីវកម្ម​ផ្នែក​កសិកម្ម មានដូចជា​បណ្តុំ​អាជីវកម្ម​ស្រូវ​, បន្លែ​, ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ត្រី​។​ល​។ នៅក្នុង​ខេត្ត​មាន​សហគមន៍​កសិកម្ម ដែល​បាន​ចុះបញ្ជី​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត មាន​ចំនួន​៥៥​សហគមន៍ ដែល​កំពុង​ប្រកប​របរ​ចំរុះ​គឺមាន​ដូចជា​ផលិតកម្ម​ស្រូវពូជ ស្រូវ​ចំណី ដាំ​ដំណាំ​បន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និង​សេវាកម្ម​ផ្សេងៗ ជាមួយគ្នានេះ​ក៏បាន​បង្កើតជា​សហភាព​សហគមន៍​កសិកម្ម​បាន​ចំនួន​២ ដែល មាន​សហគមន៍​កសិក​ម្ម​ចូល​ជា​សមាជិក​សហភាព​ចំនួន​២៨​សហគមន៍​។​

​លោក​ឈាវ ហុង អាយុ ៦២​ឆ្នាំ ជា​កសិករ​គំរូ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូទាំងប្រទេស​ផ្នែក​ដំណាំ​បន្លែ ដែល​បច្ចុប្បន្ន​មាន​កសិដ្ឋាន​លើ​ផ្ទៃដី​ប្រមាណ​ជាង​៧​ហិកតា បានបង្ហាញ​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ លោក​បាន​ប្រើ​ជីវិត​នៅក្នុង​វិស័យ​កសិកម្ម​អស់​រយៈពេល​២០​ឆ្នាំ​កន្លងមកហើយ​។ លោក​ថា ឆ្នាំ​២០១៩​កន្លងទៅ គឺជា​ឆ្នាំ​មោទនភាព ដែល​មុខរបរ​អាជីព​ជា​កសិករ កំពុង​បោះជំហាន​ទៅមុខ​។ ឆ្នាំ​២០២០ កូ​វីត​-១៩ មិនមាន​ឥទ្ធិពល​បង្ក​ហា​នី​ភ័យ​សម្រាប់​មុខរបរ​របស់លោក​នោះទេ​។ បន្ថែម​ពីលើ​នេះ កម្មវិធី ASPIRE កាន់តែ​ធ្វើ​ឲ្យ​កសិដ្ឋាន​របស់លោក មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ លោក ឈាវ ហុង បាន​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ការប្រកាន់យក​អាជីព​ដាំ​បន្លែ ជីគ្រប់មុខ ផលិត​ស្រូវពូជ ចិញ្ចឹម​មាន់ បណ្តុះ​ផ្សិត និង​ចិញ្ចឹម​ត្រី​ជា​បន្តបន្ទាប់​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​អាជីវ​កម្មនេះ​មានការ​វិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​ដោយសារ​មាន​មន្ទីរ​កសិកម្ម​ខេត្ត អង្គការ និង​គម្រោង​កម្មវិធី​ផ្សេងៗ​បានមក​ជួយ​ជា​បច្ចេកទេស និង​សម្ភារ​ចាំបាច់​សម្រាប់​ជម្រុញ​ឲ្យ​ផលិតកម្ម​របស់គាត់​ទទួលបាន​ជោគជ័យ​ដូច​បានឃើញ​នាពេលនេះ​។ លោក បានកំណត់​ច្បាស់​ពី​របៀប​រៀបចំ​ផែន​ការដាំដុះ និង​ចិញ្ចឹម​ប្រចាំថ្ងៃ ខែ និង​ឆ្នាំ មាន​បច្ចេកទេស​ដាំ និង​ចិញ្ចឹម យកចិត្តទុកដាក់​ឧស្សាហ៍​ព្យាយាម មាន​គោលដៅ​ច្បាស់លាស់ និង​ក្តាប់​ឱ្យបាន​ពី​តម្រូវការ​ទីផ្សារ​។ ត្រង់ចំណុច​នេះ លោក​បាន​ផ្តាំ​ទៅ​កសិករ​ដែល​កំពុង​ផលិត​គួរ​អនុវត្តតាម​គាត់ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម​ស្របពេល​ដែល​វិស័យ​មួយចំនួន​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩​។

មានប្រសាសន៍​សំណេះសំណាល នាឱកាស​នោះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកឡើងថា​៖ កសិដ្ឋាន​នេះ​ទទួលបាន​ជោគជ័យ​ទាំង​បន្លែ ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី ជា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាព​នៃ​ការផលិត និង​ការចែករំលែក​បទពិសោធ​ន៍​។​ល​។ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​ចូលរួម​អបអរ​ចំពោះ​សមិទ្ធផល នាពេលនេះ ពិតណាស់​ស្របទៅនឹង​ឆន្ទ​: និង​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី ចង់បាន​ចង់ឃើញ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​សម្បូរ​សប្បាយ រស់នៅ​ជួបជុំ​គ្រួសារ សុខក្សេមក្សាន្ត មាន​សុភមង្គល ក្រោម​ម្លប់​សុខសន្តិភាព ហើយ​រួមគ្នា​ខិតខំ​បន្តទៀត ដើម្បី​ដើរ​ឆ្ពោះទៅរក​គោលដៅ​នា​ឆ្នាំ​២០៣០ ដល់​២០៥០​។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​សមាជិក​សហគមន៍​ថា​៖ សមិទ្ធផល​ទាំងអស់នេះ​គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល តាមរយ​:​ក្រសួង និង​មន្ទីរ​កសិកម្ម​ខេត្ត ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍ អ្នកអនុវត្ត​គម្រោង រួមផ្សំ​ជាមួយ​ការយកចិត្តទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​របស់​កសិករ​យើង​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​