ឯកឧត្តម ជៀង អំ អញ្ជើញដាំកូនឈើ នៅរម្មណីយដ្ឋានធម្មជាតិបឹងយក្ខឡោម

(រតនគិរី)៖ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយឯកឧត្តម ថង សាវុនអភិបាលខេត្តព្រមទាំងមន្រ្តី អ្នកមុខអ្នកការមួយចំនួន កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ម្សិលមិញ បានអញ្ជើញដាំកូនឈើ នៅរម្មណីយដ្ឋានធម្មជាតិបឹងយក្ខឡោម និងអញ្ជើញចុះសាកសួរ សុខទុក្ខ បងប្អូនកម្មករ កម្មការិនីនៅកសិដ្ឋាន​ សុីង ហឺអុី ដាំចេកអំបូងលឿងនៅអណ្តូងមាស។

នៅក្នុងឱកាសនោះកូនឈើប្រភេទ នាងនួន,បេង,ធ្នង់ និងគគីត្រូវបានឯកឧត្តម ជៀង អំ និងអ្នកអមដំណើរធ្វើការដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាចូលរួមបង្កើនភាពបៃតងអោយមានភាពស្រស់ស្អាតនៅតំបន់រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមបន្ថែមទៀត។

ក្នុងរសៀលថ្ងៃដ៏ដែលនោះដែរ ឯកឧត្តម ប្រធានក្រុមការងារ និងអ្នកអមដំណើរបានអញ្ជើញចុះពិនិត្យ និងចុះសាកសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនី នៅកសិដ្ឋាន​ សុីង ហឺអុី​ ដែលកំពុងដាំចេកអំបូងលឿង ដែលមានទីតាំង ស្ថិតនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។​

ក្នុងឱកាសនោះឯកឧត្តម ជៀង អំ បានសម្តែងនូវការ រីករាយយ៉ាងខ្លាំង ដោយពិនិត្យឃើញ បងប្អូនកម្មករ កម្មការិនី ក្នុងកសិដ្ឋាន​ សុីង​ ហឺអុី ខិតខំបំរើការងារ យ៉ាងសកម្ម និងបានទទួលអត្ថប្រយោជន៍សមរម្យមកវិញ ពីនិយោជក ជាម្ចាស់កសិដ្ឋាន។

ពាក់ពន្ធ័ និងវិធានការប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ ឯកឧត្តម បានសំណូមពរអោយម្ចាស់កសិដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ គោរពអោយបានម៉ឺងម៉ាត់ តាមវិធីបង្ការណែនាំ និងវិធីសាស្ត្រ ការពាររបស់ក្រសួងសុខាភិបាល ដើម្បីសុខភាពបងប្អូនកម្មករ កម្មការិនីផង និងការពារផល ប្រយោជន៍និរន្តរភាព នៅក្នុងកសិដ្ឋានផងដែរ។

គួរបញ្ជាក់ថា​ ​កសិដ្ឋាន សុីង ហឺអុី បានធ្វើការវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដីប្រមាណ២៥០ហិកតា។បច្ចុប្បន្នកសិដ្ឋាននេះមានកម្មករ កម្មការិនីកំពុងបំរើការងារសរុបប្រមាណជាង១៣០នាក់ហើយក្នុង១ថ្ងៃកសិដ្ឋានបានផលិតចេកបាន១.៥០០កេសសម្រាប់នាំចេញទៅលក់នៅប្រទេសចិន។​

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ជៀង អំ ក៏បានអញ្ជើញទៅពិនិត្យមើលបង្គោលព្រំដែនលេខ១៩ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាសនេះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី