រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្ដមបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្ដមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ទីរជំនាញ និងសមត្ថកិច្ចទាំងអស់នត្រូវបន្តយុកចិត្តទុកដាក់បំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព សុវត្ថិភាពសាធារណៈ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរ ទប់ស្កាត់បទល្មើសជលផល បទល្មើសព្រៃឈើ យកចិត្តទុកដាក់លើការងារបង្កបង្កើនផល លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។

ក្នុងនោះឯកឧត្តម បានជម្រុញឱ្យបន្តរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ទូទាំងខេត្ត ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ត្រៀមអន្តរាគមន៍គ្រោះមហន្តរាយគ្រប់ប្រភេទ ពិសេស បន្តពង្រឹងវិធានការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕