ប្រាសាទព្រះធាតុធំ ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ត្រូវបានបើកការរដ្ឋានជួសជុលឡើងវិញ

(ត្បូងឃ្មុំ )៖ ប្រាសាទព្រះធាតុធំ ដែលត្រូវបានសាងសង់ឡើងក្នុងសម័យចេនឡា ស្ថិតក្នុងវត្តអង្គរក្នុង បរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន នៅក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបើកការរដ្ឋានជួសជុលឡើងវិញ បន្ទាប់ពីរងការខូចខាតជ្រុះដុំឥដ្ឋជាបន្តបន្ទាប់ អាចបណ្តាលឲ្យបាក់ស្រុតរលំ

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រោមការរៀបចំពីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នី ចាន់ធីតា អភិបាលរងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីអភិបាលរងស្រុកពញាក្រែក ក្រុមប្រឹក្សាឃុំ ក្រុមយុវជន ស.ស.យ.ក និងប្រជាពលរដ្ឋ។

បើតាមលោក កូ ហុក ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដោយសារប្រាសាទព្រះធាតុធំ មានសភាពប្រេះកាន់តែខ្លាំង និងមានឥដ្ឋធ្លាយជ្រុះរាយប៉ាយ មូលហេតុមកពីកត្តាធម្មជាតិ ព្រោះនៅពេលមានភ្លៀងធ្លាក់ធ្វេីឲ្យឥដ្ឋនិងដីនៅក្នុងប្រាសាទកាន់តែមានទម្ងន់និងសំណេីមជាហេតុធ្វេីឲ្យជញ្ជាំងប្រេះហែកបន្ទិចម្តងៗ ទើបសម្រេចឲ្យមានការជួសជុលនេះឡើង ដើម្បីជួយទ្រទ្រង់ប្រាសាទឲ្យនូវល្អ បង្ការមិនឲ្យបាក់រលំ ដែលធ្វើឲ្យខូចរូបរាងប្រាសាទ និងជៀសវាងបញ្ហាជាយថាហេតុផ្សេងៗ។

ចំពោះការជួសជុលឡើងវិញនេះ គឺត្រូវដាក់ដែកឬក៏ភ្ជាប់ឥដ្ឋនៅតាមស្នាមដែលប្រេះ ហើយគោលការណ៍នៃការជួសជុលគឺយើងមិនអាចធ្វើឱ្យលើសពី៤០%ភាគរយនៃសំណង់ចាស់នោះឡើយ មានន័យថាយើងនឹង ផ្សារផ្ចិតនូវស្នាមប្រេះដោយការប្រើដែក និងឥដ្ឋ។ ហើយចំពោះបញ្ហាឥដ្ឋនោះក្នុងប្រាសាទ យើងធ្វើកំណាយយកចេញ ដោយកំណាយបែបបុរាណវិទ្យា យកឥដ្ឋម្ដងមួយដុំៗចេញ កុំឲ្យខូចទ្រង់ទ្រាយឥដ្ឋបុរាណ ឬក៏អាចធ្វើឲ្យប៉ះពាល់ដល់វត្ថុបុរាណ នៅក្នុងគំនរឥដ្ឋដែលកប់នៅក្នុងប្រាសាទនោះ។

តាមការចងក្រងប្រវត្តិប្រាសាទរបស់មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានបង្ហាញថា ប្រាសាទព្រះធាតុធំនេះ ជាក្រុមប្រាសាទមានតួប៉ម៣ សង់ពីឥដ្ឋ នៅលើទីទួលខ្ពស់មួយកន្លែងកំពស់១.៥ម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូងរត់ត្រង់ជួរគ្នានៅលើទីលានតែមួយបែរមុខទៅទិសខាងកើត។ តួប៉មទាំង៣ នៃប្រាសាទបានខូចខាតទាំងស្រុងនូវតួប៉មមួយ ផ្នែកខាងជើង ហើយសព្វថ្ងៃត្រូវបានចាក់ដីលុបគ្រឹះប្រាសាទ និងវត្ថុសំណល់នានាដើម្បីជាសោភ័ណ្ឌភាពជុំវិញទីធ្លារព្រះវិហារ ព្រមទាំងបានរៀបជាខឿនទប់ដីនោះផងដែរ។ ដូច្នេះប្រាសាទព្រះធាតុធំដែលមានបច្ចុប្បន្ននេះមានតែតួប៉មប្រាសាទ២ប៉ុណ្ណោះ គឺតួប៉មកណ្តាល និងតួប៉មខាងត្បូង។

តួប៉មខាងត្បូង ជាប្រាសាទដែលសង់ពីឥដ្ឋ មានរាងបួនជ្រុងស្ទើរការ៉េ ដែលជ្រុងខាងត្បូងនិងខាងជើងមានប្រវែង ៦.៨ម៉ែត្រ ហើយជ្រុងខាងលិច និងខាងកើតប្រវែង ៦.៤ម៉ែត្រ។ តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវជនជាតិបារាំងឈ្នោះ Henri Pamenter បានកំណត់ថាប្រាសាទតួប៉មខាងត្បូងនេះប្រហែលជាកសាងក្នុងសម័យកាលអន្តរកាលរវាងសម័យហ្វូណន និងសម័យចេនឡា ឬភាគខាងដើមបង្អស់នៃសម័យចេនឡា គឺប្រហែលក្នុងកំឡុងពេលគ្រប់គ្រងរបស់ព្រះបាទ ភវរម៌្មទី១ ឬដើមសតវត្សទី៨។ បច្ចុប្បន្នប្រាសាទនេះទទួលរងការខូចខាតយ៉ាងខ្លាំង គឺមានស្នាមប្រេះធំៗជាច្រើនបានបង្ហាញនៅគ្រប់ជ្រុងតាំងពីក្រោមរហូតដល់លើ ជាពិសេសកំពូលប្រាសាទនេះបានធ្លាក់បាត់រូបរាងដើមអស់មួយភាគធំ។

តួប៉មកណ្តាល ស្ថិតនៅខាងជើងនៃតួប៉មខាងត្បូង គឺជាប្រាសាទសាងសង់ពីដីឥដ្ឋ មានស្ថានភាពល្អជាងគេ ដែលមានមេទ្វារនៅផ្នែកខាងកើត និងមានទម្រង់ខុសពីតួប៉មប្រាសាទខាងត្បូង ដោយរៀបឥដ្ឋជាគន្លាក់ៗច្រើនផ្នត់នៅតាមជ្រុងនីមួយៗនៃប្រាសាទ។ តួប៉មកណ្តាលនៃប្រាសាទព្រះធាតុធំនេះ មានលក្ខណៈលម្អផ្នែកខាងលើផ្តែរ និងហោជាង ជាពិសេសការរចនានៃហោជាង ដូចទៅនឹងប្រាសាទដំរីក្រាបនៅភ្នំគូលែន ដូច្នេះយើងអាចសន្និដ្ឋានរចនាបទនេះ សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នៅចុងសតវត្សទី៨ ដើមសតវត្សទី៩ សម័យកសាងរាជធានីឥន្ទ្របុរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ