វេទិកា​សំណេះសំណាល​រវាង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ ទី​៤ ជាមួយ​ក្រុមប្រឹក្សាឃុំ ស្មៀន និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ ក្នុងស្រុក​អង្គរជុំ និង​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប

​សៀមរាប​៖ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម លោកជំទាវ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ ទី​៤ ដឹកនាំ​ដោយ ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា បានរៀបចំ​វេទិកា​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ ស្មៀន និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ ក្នុងស្រុក​អង្គរជុំ និង​ស្រុក​បន្ទាយស្រី​ខេត្ត ដើម្បី​ស្តាប់​ការលើកឡើង​អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​ក្នុង​ដំណើរ​ប្រព្រឹត្តិ​ទៅ នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​ទាំងពីរ ជាពិសេស​ក្រុមប្រឹក្សាឃុំ ក្នុងការ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ ។​

ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ជូន​សមាជិក​ក្រុមប្រឹក្សាឃុំ ស្មៀន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ លើកឡើង​ពី​បញ្ហា​ប្រឈម តម្រូវការ និង​សំណូមពរ​ជុំវិញ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ផ្តល់​សេវា​រដ្ឋបាល អត្រានុកូលដ្ឋាន សៀវភៅ​ស្នាក់នៅ សៀវភៅ គ្រួសារ ការកែតម្រូវ​អក្ខរាវិរុទ្ធ​ក្នុង​អត្រានុកូលដ្ឋាន ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មូលនិធិ​អភិវឌ្ឍន៍​ឃុំ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព សម្រាប់​សមាជិក​ព្រឹ​ទ្ឋ​សភា បាន​សិក្សា​ស្វែងយល់​។

ក្រោយពី​បាន​ស្តាប់ វាគ្មិន​ជាច្រើនរូប បានលើកឡើង​អំពី​ការរីកចំរើន និង​ពី​បញ្ហា​ប្រឈម​មួយចំនួន​រួចមក ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា មានប្រសាសន៍​ស្នើឱ្យ​ក្រុមប្រឹក្សាឃុំ ស្មៀន និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ និង​អ្នក​ពាក់​ព័​ន្ឋ ប្រយ័ត្នប្រយែង ចៀសវាង​នូវ​ការឃុបឃិត​គ្នា​ក្លែង​ទៅលើ​ឯកសារ ស្ថិតិ​ឬ​អត្ត​សញ្ញាប័ណ្ណ អត្រានុកូលដ្ឋាន​សម្រាប់​បុគ្គល​ណាមួយ អំពើ​ណា​កើតចេញពី​ការ​ក្លែង​ជា​អំពើ​ខុសច្បាប់ សូមកុំ​ចូលរួម​ក្នុងការ​តាក់តែង​លិខិត​ក្លែង និង​កុំ​យល់​ញាតិ​នាំឱ្យ​ឃ្លាត​ច្បាប់​។ ឯកឧត្តម ស្នើ​ដល់​នាយក​រដ្ឋបាល​សាលាស្រុក​ពិនិត្យឡើងវិញ​អំពី​ការលំបាក​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ខែតុលា​នៃ​ឆ្នាំ​នីមួយៗ​ក្រុមប្រឹក្សាឃុំ​ត្រូវធ្វើ​លិខិត​អំពី​តម្រូវការ​នៃ​ការប្រើប្រាស់​សៀវភៅ​ភ្លោះ និង​សំបុត្រ​អត្រានុកូលដ្ឋាន ទាំង​កើត​ទាំង​អាពាហ៍ពិពាហ៍​ទាំង​មរណៈភាព ដាក់ជូនទៅ​នាយក​រដ្ឋ​បាល​ស្រុក​ដើម្បី​បូកសរុប​ស្នើសុំ​បន្ថែម​។ ឯកឧត្តម ក៍បាន​ជំរុញ​ដល់​មន្ត្រី​ជា​អាជ្ញាធរ​មូលដ្ឋាន​ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ទាក់ទង​ទៅនឹង​ការកែសម្រួល​អក្ខរា​វី​រុ​ទ្ឋ ត្រូវ​ជួយ​ប្រាប់​គ្នីគ្នា និង​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឧស្សាហ៍​ផ្ទៀងផ្ទាត់​នូវ​ឯកសារ​ប្រជាពលរដ្ឋ​ណា ដែលមាន​សន្លឹក​បញ្ជី​ជាតិ​នៅក្នុង​ដៃខ្លា​ច​មាន​ការខុស​អក្ខរា​វី​រុ​ទ្ឋ ខុស​ឈ្មោះ​ភេទ ឬ​ថ្ងៃខែ​ឆ្នាំ​កំណើត ដើម្បី​ការកែសម្រួល ហើយ​ឯកសារ​ទាំងនោះ​ត្រឹម​ក្នុង​ឃុំ​។

តែបើ​ឯកសារ​សៀវភៅ​អត្រានុកូលដ្ឋាន បញ្ជូនទៅ​ស្រុកៗ​បញ្ជូនទៅ​ខេត្តៗ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ការកែ​អក្ខរា​វី​រុ​ទ្ឋ​ត្រូវ​ទៅធ្វើ​នៅ​ក្រសួង​ដែលជា​ការលំបាក​ដល់​ប​ង​ប្អូន​អ៊ុ​ពូ​មីង ហេតុនេះ​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សហការ​ជួយ​គ្នា ក្តាប់​ឱ្យបាន​នូវ​សំណូមពរ និង​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​ទាក់ទង​ទៅនឹង​មូលនិធិ​ឃុំ​សង្កាត់​ថា​មានការ​យឹត​យូរ ត្រូវបាន​ឯកឧត្តម បញ្ជាក់ថា​៖ ការ​យឺតយូរ​អាចជា​ប់​ពាក់​ព័​ន្ឋ​ទៅនឹង​ការដេញថ្លៃ និង​ទំនាស់​ផលប្រយោជន៍ ហេតុនេះ​អាជ្ញាធរ​ឃុំ​សង្កាត់​ក៏ត្រូវ​ពិនិត្យ​ផងដែរ​ទៅលើ​ភាគី​ដេញថ្លៃ​តើ​ភាព​យឹត​យ៉ាវ​បណ្តាលមកពី​មូលហេតុ​អ្វីខ្លះ​។

ឯកឧត្តម​មានប្រសាសន៍​បន្តថា​៖ នឹង​ប្រមូល​មតិយោបល់​ដែល​វាគ្មិន​បានលើកឡើង​ក្នុង​វេទិកា​នេះ​យកទៅ​ពិនិត្យ ពិភាក្សា​ជាមួយ​ក្រុមការងារ​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ ទី​៤ តើ​ត្រូវយក​មតិយោបល់​ណាខ្លះ​ដែល​ត្រូវ​លើកសំណើរ​ទៅ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​ផ្ញើ​ជូនទៅ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ឱ្យជួយ​សម្រួល​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បីឱ្យ​បរិយាកាស​នៃ​អង្គ​វេទិកា​ដែល​បានលើកឡើង​មាន​ស្ថានភាព​ល្អប្រសើរ​និង​រីកចំរើន​នៅក្នុង​មូល​ដ្ឋាន៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​