ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ពង្រីក​ទំហំ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​រង្វង់​មូល​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុច​ភ្លើងស្តុប​ក្បែរ​សណ្ឋាគារ​សុខា​អង្គរ !

​សៀមរាប​៖ គិត​មកដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ គម្រោង​ពង្រីក​ទំហំ​ផ្លូវជាតិ​៦ ដើម្បី​សម្រួល​ហើយ​ធំ​ទូលាយ ងាយស្រួល​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង ដែលមាន​ប្រវែង​សរុប​ជិត​៦​ពាន់​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ឬ​ហៅថា រង្វង់​មូល​ជ័យ​វ​រ័​ន្ម​ទី​៧ រហូតដល់ ចំណុច​ភ្លើងស្តុប​ក្បែរ​សណ្ឋាគារ​សុខា​អង្គរ បាន​ដំណើរការ​រយ​:​ពេល​៣​ថ្ងៃ​ហើយ​។​

​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​ជំនាញ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បង្ហាញថា កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​គ្រោង​នឹងធ្វើ​ការពង្រីក​នេះ នឹងមាន​ទទឹង​សរុប ២៩​ម៉ែត្រ​។ សម្រាប់​ជំហាន​ដំបូង ក្រុមការងារ​ជំនាញ​ចាប់ផ្ដើម ផ្លាស់ប្ដូរ​ទីតាំង​ដើមឈើ ទៅ​ដាំ​នៅ​កន្លែង​ថ្មី រុះរើ​បង្គោល​ភ្លើង និង​ខឿន​ការ៉ូឡា​សងខាង​ផ្លូវ​ជាមុន​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា បន្ទាប់ពី​ដក​ដើមឈើ និង​រុះរើ​ខឿន​ផ្លូវ​រួចរាល់ កំណាត់​ផ្លូវ​នេះ នឹង​អនុវត្ត​ក្នុង​ខែតុលា ឆ្នាំ​២០២០ ដែល​បែងចែក​ផ្លូវ​ជា ៦​គន្លង រួមមាន​គន្លង​ផ្លូវ​សម្រាប់ រថយន្ត ម៉ូតូ កង់ និង​ផ្លូវ​ថ្មើ​ជើង​ទទឹង សរុប ៣​ម៉ែត្រ ព្រមទាំង​រៀបចំ​សួន ពុះ​ចែក​ទ្រូងផ្លូវ​ទទឹង ២​ម៉ែត្រ​ផងដែរ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា គម្រោង​នេះ ទទួលបាន​ថវិកា​កម្ចី ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB អនុវត្តន៍​គម្រោង​ដោយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ដើម្បី​ធានា​សុវត្ថិភាព និង​សម្រួល​ចរាចរណ៍ ដល់​អ្នកធ្វើដំណើរ​ឆ្លង​កាត់​ខេត្តសៀមរាប និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផ្ទាល់ ក៏ដូចជា​រៀបចំ​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង ឲ្យ​កាន់តែ​សណ្ដាប់ធ្នាប់ និង​ស្រស់ស្អាត​បន្ថែមទៀត​។​

​ទន្ទឹមនេះ រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណៈជន ដែល​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវ​កំពុង​សាងសង់​នេះ មេត្តា​អធ្យាស្រ័យ និង​យោគយល់ ចំពោះ​ការកកស្ទះ​ចរាចរណ៍ អំឡុងពេល​ដំណើរការ​គម្រោង​នេះ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​