រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជួប​សំណេះសំណាល​មន្ត្រី នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប !

​សៀមរាប​៖ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា រួម​និង ឯកឧត្តម អ៊ឺ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោ​ស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំង​ព្រះ​ធម្ម​ក​វិ​វង្ស និង​ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ ព្រះ​ធម្ម​សិរី​អាភាក​រោ ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្ត គណៈមហានិកាយ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​មន្ត្រី នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ដើម្បី លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីរាជការ បុគ្គលិក ដែល​បាន​ខិតខំ​បំពេញការងារ និង​ភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​រួមចំណែក​ក​សាង​កិត្យានុភាព របស់​ខេត្ត ឱ្យ​កាន់​តែមាន​កិ​តិ្ត​យស និង​កេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់​បន្ថែមទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ ត្រូវគោរព និង​អនុវត្តន៍​តាម​សេចក្ដីណែនាំ ក៏ដូចជា​បទបញ្ជា របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ធម្មការ និង​សាសនា​នាពេល​កន្លងមក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងនោះ​រួមមាន​៖
– ត្រូវ​ពិនិត្យមើល​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​របស់ ក្រសួង​ធម្មការ និង​សាសនា និង​លិខិតបទដ្ឋាន​របស់​ក្រសួង​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់ និង​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​(​ក្រមព្រហ្មទណ្ឌ ជំពូក​៥ ស្តីពី​ការប៉ះពាល់​សាសនា​របស់​រដ្ឋ ចាប់ពី​មាត្រា ៥០៨-៥១៤ ដែល​ចែង​អំពី​ទោស​បញ្ញត្តិ​)
– ត្រូវ​បន្តធ្វើ​ការបណ្តុះបណ្តាល កសាង​សមត្ថភាព ធនធានមនុស្ស និង​ការអភិវឌ្ឍ​អង្គភាព​របស់ខ្លួន​គ្រប់​ថ្នាក់ ដើម្បី​ពង្រឹង​របៀបរបប​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​
– រៀបចំ​កែលម្អ​ប្រព័ន្ធ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​របស់​មន្ទីរ​ឱ្យបាន​សមស្រប និង​មាន​ប្រសិទ្ធភាព​។​
– រៀបចំ​ឲ្យ​មាន​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ជា​ផែនការ​អភិវឌ្ឍ​របស់​មន្ទីរ ក្នុង​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​។​

– ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង នៅក្នុង​មន្ទីរ​ទាំងមូល បំពេញការងារ​ដោយ​គោរព​តាម​ឋានានុក្រម​។​
– ត្រូវមាន​ទំនាក់ទំនង និង​សហការ​ល្អជា​មួយ​មេគណ អនុគណ មេដឹកនាំ​សាសនា​ផ្សេងៗ​គ្រប់​ឋានានុក្រម និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ថ្នាក់​-​ក្រោម​ជាតិ ដែលមាន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រមុខ​។​
– ត្រូវ​ផ្តល់​របាយការណ៍​ប្រចាំខែ ត្រីមាស ប្រចាំឆមាស និង​ប្រចាំឆ្នាំ រួមទាំង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ មកកាន់​ក្រសួង ធម្មការ និង​សាសនា ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា ដើម្បី​ក្រសួង​ធ្វើការ​បូកសរុប និង​ធ្វើ​របាយការណ៍​ជូន​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​។​
– ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង ៥ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជ​រដ្ឋា​បាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​។​

​ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​ណែនាំ ដល់​មន្ត្រី​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​រលក​ទី​ពីរ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ហើយ​នៅតាម​បណ្ដាល​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក​កំពុងតែ​ជួប​ផលប៉ះពាល់​នៃ​ការមកដល់​នៃ​រលក​ទី​ពីរ​នេះ​និង​ស្នើសុំ​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា ឯកឧត្ដម​អភិបាលខេត្ត សូម​បន្ត​សហការ ជាមួយនឹង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ចុះ​ធ្វើ​ការអប់រំ ណែនាំ ពិនិត្យ និង​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​នានា នៅតាម​គ្រប់​វត្ត​អារាម វិហារ កន្លែង​ថ្វាយបង្គំ​បែប​សាសនា​នានា ដើម្បី​ធានា​ឱ្យបាន​នូវ​សុខុមាលភាព​របស់​សាសនិក ជាពិសេស​គឺ​ជៀស​ឱ្យបាន​ពី​ការឆ្លង​ចូលក្នុង​សហគមន៍​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​