ក្រសួងបរិស្ថាន បានរៀបចំ​ដាំ​កូនឈើ​ចម្រុះ​ជិត​៤​ពាន់​ដើម នៅតាម​ព្រំប្រទល់ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន !

​សៀមរាប​៖ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៤​ពាន់​ដើម នៅតាម​ព្រំប្រទល់ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន នៃ​ឧ​ទ្យា​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន លើ​ផ្ទៃដី​ជាង​២​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​រួមចំណែក ស្តារ គម្រប​ព្រៃឈើ​ឡើងវិញ និង ទប់ស្កាត់​ការហូរ​ច្រោះ​ដី ព្រមទាំង​ជា​សារ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ នៃ​ធនធាន​ព្រៃឈើ​ដល់​សហគមន៍​មូលដ្ឋាន និង​សាធារណជន​។​

​យុទ្ធនា​ការដាំ​កូនឈើ​នេះ ស្ថិតក្នុង​គម្រោង​ជំរុញ​បរិយាកាស អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព (BESD) និង កម្មវិធី​សម្ព័ន្ធភាព ប្រែប្រួល​អាកាសធាតុ​កម្ពុជា ជំហាន​ទី​៣ ដែលមាន​ការឧបត្ថម្ភ ពី​អង្គការសហប្រជាជាតិ (UNDP / SIDA) ។​

​មាន​ចំណាប់អារម្មណ៍​នោះដែរ​លោកស្រី នី​ក បឺ​រ រី​សហ្វ​ដ (Nick Beresford) តំណាង​កម្មវិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ លើកឡើងថា ព្រៃឈើ​បាន​ផ្តល់នូវ​គុណសម្បត្តិ​ជាច្រើន​ដល់​មនុស្ស សត្វ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​រក្សា​លំនឹង​បរិ​កាស​ផែនដី ព្រមទាំង​ទប់ស្កាត់​គ្រោះធម្មជាតិ​ផងដែរ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ បង្ហាញថា ពិធី​ដាំ​កូនឈើ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​នេះ បាន​បំផុស​នូវ​ចលនា ស្រឡាញ់​ព្រៃឈើ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ទូទាំងប្រទេស ដើម្បី​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ បែរមក​ចូលរួម ការពារ និង​ដាំ​ដើមឈើ​ឡើងវិញ​។ ម្យ៉ាងទៀត​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ដើម្បី​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ បង្កដោយ​ឧស្ម័ន​ពុល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បញ្ចេញ​ដោយ​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​លើ​សកលលោក​។​

​ឯកឧត្តម​បណ្ឌិត រដ្ឋលេខាធិការ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បម្រែបម្រួល​អាកាសធាតុ​ជាស​កល ក្នុងនោះ​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា មាន​គាំទ្រ​ពី​អង្គការ​ជា​ដៃគូរ​ជាតិ និង​អន្តរជាតិ​ជាច្រើន មាន​ជាអាទិ៍ អង្គការ SEDA សហគម​អឺរ៉ុប ជាដើម​។​

​ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​កំពុង​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់ ព្រោះ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង​ជំនួញ​ដី​ព្រៃឈើ​ខុសច្បាប់ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​វា​នឹង​បង្ក​នូវ​មហន្ដរាយ​ផ្សេងៗ ដល់​ប្រទេសជាតិ​ខ្លួនឯង និង​ពិភពលោក​ទាំងមូល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​