កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​ជម្រុញ​ឱ្យ​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​បង្កើន​ប្រសិទ្ធិភាព ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យមាន​តម្លាភាព និង​ទាន់ពេលវេលា​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដែល​វិស័យ​មួយ​នេះ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងពេលដែល​មក​ទទួល​សេវាសាធារណៈ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត​នៅ​ទូទាំងប្រទេស​។​

​លោក​ប្រធាន​មន្ទីរ ក៏បាន​បញ្ជាក់ទៀតថាៈ ប​ច្ច​ប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង គឺ​បានផ្តល់​សេវា​ប្រកបដោយ​តម្លាភាព មិន​លម្អៀង គ្មាន​ការរើសអើង ចំពោះ​សេវាសាធារណៈ ដោយមាន​សេវា​៖ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការផ្តល់​ស្លាក​លេខ​យានយន្ត ប្រឡង​យក​ប័ណ្ណបើកបរ ការផ្ទេរ​កម្ម​សិទ្ធ និង​មាន​វិស័យ​ជាច្រើន​ទៀត ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​អង្គភាព​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​។​

​ក្នុងនោះ​ពាក់ព័ន្ធ​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់​វិញ លោក ឆាយ លា​ភា ក៏បាន​គូសបញ្ជាក់ថាៈ កន្លងមកនេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ខិតខំ​បំពេញបេសកកម្ម​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​វិស័យ​ផ្លូវថ្នល់ ទាំង​ការជួសជុល ការសាងសង់ ធ្វើយ៉ាងណា​ពង្រឹងគុណភាព​ជា​ចំបង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការប្រើប្រាស់​ធន​មាំ​។​

​លោក​ប្រធាន​មន្ទីរ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ស្តីពី​ច្បាប់​ចរាចរណ៍​ដល់​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​