លោកជំទាវ មិថុនា ភូ​ថង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ផ្ទះ​កាកបាទក្រហម ជូន​គ្រួសារ​ងាយ​រងគ្រោះ ខេត្តកោះកុង​

កោះកុង៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា និងសហការី សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា រួមនឹង អាជ្ញាធរឃុំពាមក្រសោប សមាជិកសសយក យុវជនក១២ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ០១ខ្នង (ផ្ទះទី០៤ ) ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ផ្ដួចផ្ដើមដោយឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា ជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍ មានកូន០២នាក់ក្នុងបន្ទុក (ស្រី១នាក់) ខ្វះទីជម្រកឈ្មោះ ល.ជ.ថ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ផ្ទះ០១ខ្នងធ្វើអំពីឈើ ប្រក់ហ្វីប្រូស៊ីម៉ង់ នេះមានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ លោកជំទាវប្រធានបានជំរុញអោយមាន ការកសាង ផ្ទះមួយ ខ្នង នេះ ឡើង ដើម្បី លើកកម្ពស់ជីវភាពស្ត្រីម៉េម៉ាយរស់នៅជាមួយមេរោគអេដស៍ កំពុងជួបការលំបាក ដោយ មិន បោះបង់ នរណាម្នាក់ ចោល នោះទេ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

លោកជំទាវប្រធាន ក៏បានធ្វើការលើកទឹកចិត្តដល់បងស្រីត្រូវខិតខំប្រកបរបរចិញ្ជឹមជីវិតប្រចាំថ្ងៃ និងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះភ្លើងអគ្គីសនី ធូប ទៀន ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកជំទាវក៏បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

ដោយក្តីរំភើបឥតឧបមា ស្ត្រី ជា មេ គ្រួសារ និងជាស្ត្រីម៉េម៉ាយ ផងទៀតនោះ ក៏ ថ្លែង អំណរ អរគុណ ដល់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិក សមាជិកា គណៈកម្មាធិការ សាខា និងអាជ្ញាធរ ពាក់ ព័ ន្ឋ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល បានធ្វើ អោយដល់ គ្រួសារ របស់ ពួកគាត់ មាន ក្តីសង្ឃឹម ក្នុងការ រស់នៅ និងស្នាមញញឹម ជាថ្មីឡើងវិញ ។

អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភបន្ថែម ទទួលបាន៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ២៥គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ធុងទឹក១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន ។ដោយឡែក សប្បុរសជន សមាជិកសសយយក ក៏បានឧបត្ថម្ភថវិកាចំនួនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង