អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងប្រជុំបិទផ្សាយប្រកាសជាសាធារណៈក្នុងរយៈពេល ១៥ថ្ងៃ នូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកស្ដីទី តំណាងមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ។

លោក លី សុភា បានឱ្យដឹងថាៈ ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ ដែលមានម្ចាស់ក្បាលដីចំនួន ៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១ ៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១ ១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ ក្បាលដី ក្រៅពីនោះ ដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន។

ឯកឧត្ដម សាន់ យូ មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ និងទៅអនាគត។

ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យការបិទផ្សាយជាសាធារណ:ក្នុងរយៈពេល ១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពក្នុងនាមថ្នាក់ដឹកនាំ មន្ទីរតំណាងឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីក្នុងភូមិចាស់ក្នុងឃុំតាំងក្រសាំងជួយផ្សព្វផ្សាយ និងចូលរួមផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរាងដីរបស់ខ្លួននៅលើផែនទី ទាំងដីលំនៅដ្ឋាន និងដីកសិកម្មដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃលេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតកុំបីខាន នៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់។

ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារនៃការីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ដោយធ្វើអនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ៕ ដោយ៖ កន ចំណាន