រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ ដើម្បី​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ព្រ​ទ្យ​សម្បត្តិ​រដ្ឋ !

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ព្រ​ទ្យ​សម្បត្តិ​រដ្ឋ​ឆ្នាំ​គោល (២០១៩) និង ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ របស់​មន្តីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក លី សំរិទ្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​លោក សៀក សុភ័គ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ប្រមាណ ២៥០​នាក់​បាន​ចូលរួម ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ​លោក លី សំរិទ្ធ បានបញ្ជាក់​ពី​គោលបំណង​កិច្ចប្រជុំ​នេះ គឺជា​ការរៀបចំ​ផ្គូរ​ផ្គង ផ្ទៀងផ្ទាត់​ធ្វើបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឆ្នាំ​គោល ២០១៩ រយៈពេល​៥​ឆ្នាំ និង​ធ្វើការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​កត់ត្រា​ចូលក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ជម្រុញ​រៀបចំ​ផែនការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ និង​ធ្វើ​បច្ចុប្បន្នភាព ស្ថិតិ​អង្គភាព​ប្រើប្រាស់ ។ លោក​លី សំរិទ្ធ ក៏បាន​លើក​ថា នៅ​ទូទាំង​ខេត្ត មាន​មន្ទីរ អង្គភាព​ប្រមាណ ៤៩​អង្គភាព ដែល​បាន​ជាប់​ជំពាក់ជំពិន​ពី​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​មិនទាន់បាន​ធ្វើការ​ចុះបញ្ជី ជម្រះ និង​មិន​បានធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន ព្រមទាំង​មាន​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀតផង ។ ដោយ​បញ្ហា​នេះ សូម​ឲ្យ​អគ្គនាយក ដ្ឋា​ន​ទ្រព្យសម្បត្តិ​រដ្ឋ ជួយ​បន្ត​នីតិវិធី​បញ្ចប់​នូវ​រាល់​បញ្ហា​ទាំងនេះ​នៅក្នុង​ឆ្នាំ​២០២០​នេះ មិនត្រូវ​អូសបន្លាយ​ទៅ​ឆ្នាំ​២០២១ ទៀតឡើយ និង​សូម​ឲ្យ​បញ្ចប់​បាន​មុន​បញ្ហា​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩ ។ ឯកឧត្តម​ក៏បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប​ជា​ខេត្ត​មាន បញ្ហា​មុនគេ ហើយក៏​បាន​ទុក​បញ្ហា​នេះ​យូរ​ជាងគេ ហើយ​នេះ​ក៏​ជា​កិច្ចប្រជុំ​ជម្រះ បញ្ហា​ជា​ចុងក្រោយ​ផងដែរ ។ លោក​អភិបាលរង​ខេត្ត ក៏បាន​លើក​នូវ​បទពិសោធន៍​តាម​បណ្តា​ស្រុក​មួយចំនួន លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​អចលនទ្រព្យ​មួយចំនួន ត្រូវបាន​លក់​ឲ្យ​ឯកជន ក៏ប៉ុន្តែ​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ គឺ​បាន​រក្សាទុក​នៅ​ដដែល ។ នេះ​គឺជា​បញ្ហា​ដែល​យើង​ត្រូវ​ធ្វើការ ដោះស្រាយ​ជម្រះ​នូវ​រាល់​បញ្ហា​ទាំងនេះ គឺ​មិន​ទុក​ឲ្យ​មាន​ភាព​រ៉ាំរ៉ៃ​បន្ត​ទៀតឡើយ ។

​លោក ក៏បាន​សំណូមពរ​ដល់ សមាជិក សមាជិកា​ទាំងអស់ ត្រូវ​លើក​នូវ​ជា​សំណួរ ទៅលើ​បញ្ហា​ដែល​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ព្រមទាំង​ធ្វើ ការផ្ទៀងផ្ទាត់​ទៅលើ​តួលេខ ក្នុង​របាយការណ៍​រប​ស់​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្ត​លើកឡើង ពាក់ព័ន្ធ​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ។ ម្យ៉ាងទៀត សូម​ឲ្យ​បងប្អូន​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​នូវ​ការបង្ហាត់បង្ហាញ ពី​នីតិវិធី​សម្រាប់ធ្វើ​កិច្ចការ​ទាំងនេះ ដើម្បី​កត់ត្រា​ចូលក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឱ្យបាន​ជ្រះស្រឡះ និង​មាន​ភាពច្បាស់លាស់​ចាប់ពី​ពេលនេះ​ផងដែរ ។

​តាម​សេចក្តីរាយការណ៍​របស់​លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ​ខេត្ត បាន​ឲ្យ​ដឹងថា មន្ទីរ អង្គភាព​ដែល​បានធ្វើ និង​មិនបាន​ធ្វើបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ មាន​ចំនួន ៣១ មន្ទីរ អង្គភាព ព្រមទាំង​នៅតាម បណ្តា​ស្រុក​មួយចំនួន ក៏បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​ជាន់គ្នា និង​ការលក់ដូរ​មិនបាន​ទាន់​លប់​ពី​បញ្ជី​សារពើ​ភណ្ឌ និង ភាពមិនប្រាកដប្រជា ដែល​បាន​បង្ក​ឲ្យ​ជា​បញ្ហា ក្នុង​ភាពយឺតយ៉ាវ​ក្នុងការ​ចុះបញ្ជី និង​ការធ្វើ​បច្ចុប្បន្នភាព ស្ថិតិ​អង្គភាព​ប្រើប្រាស់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​