ខេត្តព្រះវិហារ ទទួលបាន​ភ្ញៀវ​ទេសចរ​ជាង ៥​ម៉ឺន​នាក់ នៅក្នុង​ឱកាស​ឈប់សម្រាក​រយៈពេល ៥​ថ្ងៃនេះ !

​ព្រះវិហារ​៖ នៅក្នុង​ឱកាស​ឈប់សម្រាក​រយះពេល ៥​ថ្ងៃនេះ ខេត្តព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់ ដែល​បាន​ចូលមក​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ និង​តំបន់​រមណី​ដ្ឋា​ន​អេកូ​ទេសចរណ៍ ចំនួន ៧​កន្លែង នៅលើ​ដែនដី ខេត្តព្រះវិហារ បើទោះបីជា តំណក់ភ្លៀង បាន​បន្ត​ធ្លាក់​ចុះមក​ជាប់ៗ​គ្នា យ៉ាងណាក្តី ។​

ស្នងការរង ទទួល​ផែន​ទេសចរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ឆ​យ បូ​រិ​ន បានបង្ហាញ​របាយការណ៍​ថា នៅក្នុង​ឧិ​កាស​ឈប់សម្រាក​រយះពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧​សីហា ដល់​ថ្ងៃទី​២១​សីហា ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទស្សនា​នៅតាម​តំបន់ រមណី​ដ្ឋា​ន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ មាន​ចំនួន ៥​ម៉ឺន ៤០៦​នាក់ ក្នុងនោះ​អ្នកទេសចរ​បរទេស មាន​ចំនួន ២១៨​នាក់ ។​

របាយការណ៍​បានបង្ហាញ​ទៀតថា អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បាន​សម្រុក​ចូលមក​ក​ម្សា​ន្ត​ច្រើន ជាងគេ គឺ នៅ​តំបន់​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ដងរែក ក្នុង ស្រុក​ជាំ​ក្សាន្ត រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេ​រ្ត៍ នៅក្នុង​ស្រុក​គូលែន ប្រាសាទ​ព្រះ​ខ័​ន្ធ ប្រាសាទ​ក្រពុំ​ឈូក ស្ថិតនៅក្នុង​ស្រុក​សង្គម​ថ្មី ទឹកធ្លាក់​ព្រះ​និម្មិត ស្ថិតនៅក្នុង​ស្រុក​ឆែប រមណី​ដ្ឋា​ន​ភ្នំ​ត្បែង ស្ថិតនៅ​ក្នុងស្រុក ត្បែងមានជ័យ និង​រមណី​ដ្ឋា​ន​ទំនប់ ៩៥ ស្ថិតនៅក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆ​យ បូ​រិ​ន បាន​ឲ្យ​ដឹងថា ការ​មាន​ឧិ​កាស​ឈប់សម្រាក​ក្នុង​រយះពេល ៥​ថ្ងៃនេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ដល់​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ ក្រោយ​ការខកខាន​ឈប់សម្រាក និង​លំហែកាយ កាលពី​រដូវ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេល​កន្លងមក​។​
អ្នកទេសចរ​មកពី​ខេត្តស្ទឹងត្រែង លោក​ឡុង លី​ប៉ូ បាន​ថ្លែង​កោតស្ញប់ស្ញែង ចំពោះ​ទេសភាព​ទឹកធ្លាក់ ព្រះ​និម្មិត ដ៏​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​យ៉ាងច្រើន​កុះករ​គួរ​ជាទី​មោទនៈ ប៉ុន្តែ លោក​បានស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មន្ទីរ​ទេសចរណ៍​ខេត្ត ក៏ដូចជា​សហគមន៍ ទេសចរណ៍​ក្នុង​តំបន់ មេត្តាជួយ​រៀបចំ​សេវា​ចំណីអាហារ និង​ទី​សម្រាកលំហែរ​កាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ល្អ ប្រសើរ​ជាង​នេះ ទើប​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​ចូលមក​កម្សាន្ត​កាន់តែច្រើន​ថែមទៀត​។

​អ្នកទេសចរ​ដូចគ្នា​នោះដែរ អ្នកស្រី ឡុង សុគន្ធា បាន​ថ្លែង​រក​ការអំពាវនាវ ដល់​ភ្ញៀវ​ដែល​បាន ចូលមក​ទស្សនា​កម្សាន្ត នៅ​តំបន់​រមណី​ដ្ឋា​ន​ព្រះ​និម្មិត ក៏ដូចជា តំបន់​រមណី​ដ្ឋា​ន​នានា​ទៀត ក្នុង​ខេត្ត ព្រះវិហារ សូមកុំ​ចោល​សម្រាម​ពាសវាល​​ពាសកាល ត្រូវធ្វើ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ នាំយកទៅ​ដាក់​នៅ ក្នុង​ធុងសម្រាម ដើម្បី​ថែរក្សា​បរិស្ថាន​នៅទីនេះ ឲ្យ​នៅតែ​ល្អ​ផូរផង់​។ ហើយ​ប្រសិនបើ​បរិស្ថាន​ស្អាត សុខភាព​យើង​ក៏​ល្អ រីឯ​អ្នកទេសចរ​ក៏​ចូលមក​កម្សាន្ត​កាន់តែច្រើន ដូច្នេះ យើង​ត្រូវ​រួមគ្នា​សម្អាត​បរិស្ថាន ដើម្បី​លើកកម្ពស់​តម្លៃ​បរិស្ថាន​ជាតិ ឲ្យ​ល្អ​ផូរផង់​ជានិច្ច ។
អនុប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ លោក​វរៈ សេនីយ៍​ទោ បៀ​ន សុខ​រ័ត្ន ដែល​ប្រចាំការ​នៅ​តំបន់​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ព្រះ​និម្មិត បានបញ្ជាក់​ឲ្យ​ដឹងថា កម្លាំង នគរបាល​ទេសចរណ៍​ខេត្ត បាន​សហ​ការណ៍​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅ​តំបន់​នេះ រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព បាន​យ៉ាង​ល្អប្រសើរ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមក ទស្សនា​កម្សាន្ត​នៅទីនេះ ។ ដូច្នេះ នៅក្នុង​រយះពេល ៥​ថ្ងៃនេះ ពុំមាន​អ្វី​កើតឡើង នូវ​បញ្ហា​អសន្តិសុខ ឬ ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ ដែល​បង្ក​ការ​​ភ័យខ្លាច ដល់​ភ្ញៀវ​ទេសចរណ៍​នោះឡើយ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​