ពិធី​បើក​ការប្រកួត​មាន់​អាំង​ឆ្ងាញ់​សៀមរាប

​សៀមរាប​៖ នា​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា ខេត្តសៀមរាប និង​លោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ តំណាង​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប រួម​នឹង​វត្តមាន​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​ស្ថាប័ន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម ។

​កម្មវិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់​សៀមរាប​នេះ ជា​ពិធី​ដ៏​សំខាន់​មួយ ក្នុងចំណោម​កម្មវិធី​ទាំង​៩ របស់​កម្មវិធី ” សម្រាក​សៀមរាប ” ហើយក៏​ជា​វិញ្ញ​សារ​ដ៏​សំខាន់​មួយ ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​ម្ហូប​ដែលមាន​រសជាតិ​ឆ្ងាញ់​( ម្ហូប​ប្រចាំត្រកូល ) នៅក្នុង​ខេត្តសៀមរាប​។ តាម​ការពិនិត្យ វាយតម្លៃ និង​ការដាក់​ពិន្ទុ​:​ពី​សមាគមន៍​ចុងភៅ​កម្ពុជា​។ ដែល​ការដាក់​ពិន្ទុ​:​នោះបាន​ផ្អែកលើ​របៀប​ចម្អិន រស់ជាតិ សោ​ភណ្ឌ​ភាព និង​ការប្រើ​រយ​:​ពេល​ខ្លី​។

​ក្នុង​ពិធី​នោះ​មាន​ចុងភៅ​មកពី​តំណាង​១២​ក្រុង ស្រុក​បាន​ចូលរួម ជា​លទ្ធផល​ក្រុម​ចុងភៅ​តំណាង​មកពី​ស្រុក​បន្ទាយស្រី​ជាប់​ចំណាត់ថ្នាក់​លេខ​១ , ខណ​:​លេខ​២ បាន​ទៅ​ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប​ចំណាត់ថ្នាក់​លេខ​៣ ។ សម្រាប់​ពានរង្វាន់​ក្នុងការ​ប្រកួត​នោះ ក្រុម​លេខ​១ ទទួលបាន​ពាន ១ ប័ណ្ណសរសើរ ១ និង​ទឹកប្រាក់ ២​លាន​រៀល ក្រុម​លេខ​២ ទទួលបាន​ពាន​១ ប័ណ្ណសរសើរ ១ និង​ទឹកប្រាក់ ១.៥​លាន​រៀល និង​ក្រុម​លេខ​៣ ទទួលបាន​ពាន ១ ប័ណ្ណ​សរ សើរ ១ និង​ទឹកប្រាក់ ១​លាន​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​