ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ចាត់ទុក​ការសរសេរ​ព័ត៌មាន​បែប​សន្តិភាព ជាការ​បង្ហាញ​ត​ត្ត​:​ភាព និង​ពង្រឹង​វប្បធម៌​អហិង្សា​លើ​វិស័យ​ព័ត៌មាន !

​សៀមរាប​៖ មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការសរសេរ​ព័ត៌មាន​បែប​សន្តិភាព ” នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានចាត់ទុក​ការសរសេរ​ព័ត៌មាន​បែប​សន្តិភាព ជាការ​លាតត្រដាង​ការពិត និង​ពង្រឹង​វប្បធម៌​អហិង្សា​លើ​វិស័យ​ព័ត៌មាន ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការចេញផ្សាយ​ព័ត៌មាន​ក៏មាន​ភាព​រហ័ស ដូច្នេះ​អ្នកព័ត៌មាន​ត្រូវ​ត្រួតពិនិត្យ និង​ទទួលខុសត្រូវ​ឱ្យបាន​ខ្ពស់​មុន​ចេញផ្សាយ​ព័ត៌មាន​ទាំងនោះ ជៀសវាង​បង្ក​ផលប៉ះពាល់ និង​បង្ក​ជា​ទំនាស់​ក្រោយពេល​ចុះផ្សាយ ។​

​ឯកឧត្តម លីវ សុខុន បានឱ្យដឹងថា កា​រស​សេរ​ព័ត៌មាន​បែប​សន្តិភាព​នេះ ជួយ​ឱ្យ​អ្នកសារព័ត៌មាន កំណត់​បាន​នូវ​ប្រភេទ​នៃ​ព័ត៌មាន សិក្សា​ពី​កត្តា​ប្រឈម​របស់​អ្នកសារព័ត៌មាន និង​តម្រូវការ​អាទិភាព​សំខាន់ៗ បាន​យល់ដឹង​អំពី​ឧបករណ៍​មិន​បង្កទំនាស់ រួមទាំង​ជួយ​អភិវឌ្ឍន៍ និង​ពង្រឹងសមត្ថភាព​ស្តីពី​ការកសាង​សន្តិភាព និង​បំប្លែង​ទំនាស់ ដោយ​ផ្អែកលើ​ការវិភាគ​រឿងរ៉ាវ​នាពេល​បច្ចុប្បន្ន ដើម្បី​កំណត់​យក​នូវ​យុទ្ធសាស្ត្រ​សមស្រប​ក្នុងពេល​បច្ចុប្បន្ន ដែល​ចូលរួមចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព និង​អភិវឌ្ឍន៍​ផ្នែក​ព័ត៌មាន​។
​ឯកឧត្តម​ថា កន្លងមក មន្ទីរ​ព័ត៌មាន​ខេត្ត បាន​បំពេញ​តួនាទី​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​សម្រេច​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ ទៅតាម​គោលការណ៍ និង​ផែនការ​ណែនាំ​របស់​ក្រសួង និង​អាជ្ញាធរខេត្ត ក្នុង​កិច្ចសហការ សម្របសម្រួល ជាមួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សម្របសម្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​ទាំងអស់ ក្នុងការ​មក​ចុះបញ្ជី​នៅ​មន្ទីរ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ការងារ ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក និង​រៀបចំ​ប្រជុំ សិក្ខាសាលា​ដោយ​ប្រមូល​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច និង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ការធ្វើ​ប្រតិបត្តិការ របស់​អ្នក​អ្នកសារព័ត៌មាន ។​ល​។ ឯកឧត្តម ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ក៏បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់ គោរព​ឱ្យបាន​តាមច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កាន់​ឯករាជ្យ​ផ្សាយ​ព័ត៌មាន​ដែលមាន​ប្រភព​ច្បាស់លាស់ តម្លាភាព គណនេយ្យភាព និង​ប្រកបដោយ​ផលប្រយោជន៍​ដល់​សង្គមជាតិ និង​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ស្រប​តាម​ការវិវត្ត​ថ្មីៗ នៃ​បច្ចេកវិទ្យា ។​

​ជាមួយគ្នានេះ កញ្ញា ស្រី សុធាវី នាយិកា​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT ) មានប្រសាសន៍ថា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងស្រុក​ដែល​មិន​រក ប្រាក់កំរៃ មិនមាន​និន្នាការ​នយោបាយ ឬ​ចរិត​សាសនា​ណាមួយ​ឡើយ ។ កញ្ញា​បន្តថា (ACT ) បង្កើតឡើង​ដោយ​បុគ្គល​ដែលមាន​ឆន្ទៈ​ក្នុង​ការធ្វើការងារ​ជាមួយគ្នា ដើម្បី​ផ្តល់​ជំនាញ​និង​ចំណេះដឹង ក្នុង​វិស័យ​នៃ​ការដោះស្រាយ​ទំនាស់ ការ​បំប្លែង​ទំនាស់ និង​ការកសាង​សន្តិភាព ផ្តោតជាសំខាន់​លើ​ការកសាង និង​ការពង្រឹង​សមត្ថភាព​ផ្នែក​សន្តិភាព ដោយ​យក​ការវិភាគ​ស្ថានភាព​នាពេល​បច្ចុប្បន្ន ក្នុងការ​ស្វែងរក​សក​ម្ម​ភាពជា​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទំនាស់ បង្កើន​ផល​សម្រេចបាន​ដល់​កម្រិត​អតិបរមា​ឆ្ពោះទៅរក​សន្តិភាព​និង​ការអភិវឌ្ឍ​ចីរភាព​។ ចាប់តាំងពី​ឆ្នាំ​២០១៩​មកដល់​បច្ចុប្បន្ន អង្គការ​នេះ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ចំនួន​០៣ លើក​ហើយ ដល់​អ្នក​សា​ព័ត៌មាន ដើម្បី​ពង្រឹង​វប្បធម៌​អហិង្សា​ក្នុង​ខេត្ត​ចំនួន​០៦ រួមមាន ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ឆ្នាំង ព្រះសីហនុ និង​ខេត្ត​មណ្ឌល​គី​រី ។​

​គួ​រំលឹកថា វគ្គ​បណ្តុះបណ្តាល កា​រស​សេរ​ព័ត៌មាន​បែប​សន្តិភាព​នេះ រៀបចំ​ដោយ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត ក្រោម​ការ​សម​សម្រួល​ដោយ​រដ្ឋបាល​ខេត្តសៀមរាប​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​