ដើម្បីអោយ​កម្ពុជា​ស្អាត យើង​ត្រូវ​ចូលរួម​យុទ្ធនាការ​ចោល​សំរាម​ក្នុង​ធុងសំរាម ទាំងអស់គ្នា​

ស្រុក​ពញាឮ​៖ ដើម្បីអោយ​កម្ពុជា​ស្អាត យើង​ត្រូវ​ចូលរួម យុទ្ធនាការ ចោម​សំរាម​ក្នុង​ធុងសំរាម ទាំងអស់គ្នា ដោយ​ប្តូរ​ពី​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស មក​ចោល​សំរាម ក្នុង​ធុងសំរាម​វិញ​។​

នេះ​ជាការ លើកឡើង​របស់ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត ក្នុងឱកាស​បើក កម្មវិធី​ផ្សព្វផ្សាយ យុទ្ធនាការ​កម្ពុជា​ស្អាត និង​វិធាន​សុ​វត្តិភាព​ទេសចរណ៍ នៅ​រមណីយដ្ឋាន ដែល​ប្រារព្វ​ធ្វើឡើង នៅ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះរាជ​ទ្រព្យ ស្តិ​ត​នៅ​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ កាលពី​ព្រឹក ថ្ងៃទី​១៣​សីហា​នេះ​។​
កម្មវិធី​ផ្សព្វផ្សាយ​នេះ​រៀបចំឡើង ដោយ​មន្ទីរ​ទេសចរណ៍ ខេត្តកណ្តាល​សហការ​ជាមួយ អាជ្ញាធរ​ស្រុក​ពញាឮ​
ព្រមទាំង​ចូលរួម ពី​ប្រជាពលរដ្ឋ និង​អាជីវករ លក់ដូរ​ជាច្រើន​ទៀត​។

​ឯកឧត្តម អភិបាលរង ខេត្ត​សង្កត់ធ្ងន់ថា​៖ បរិស្ថាន​គឺ​ផ្តើមឡើង ពី​យើងទាំងអស់គ្នា ដូច្នេះ​ដើម្បី អោយ​បរិស្ថាន​ស្អាត យើង​ម្នាក់ៗ ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក ថែរក្សា​បរិស្ថាន ដោយ​ទុកដាក់​សំរាម​និង​កាកសំណល់ វេច​ខ្ចប់ ចោល​ក្នុង​ធុងសំរាម អោយបាន​គត់មត់ ត្រឹមត្រូវ ចៀសវាង​ចោ​ស​ពាសវាល ពាសកាល បណ្តាលអោយ ប៉ះពាល់​ដល់​សោ​ភ​ណ័​ភាព និង​សុខភាព​សា​ធាណៈ នៅ​ទីនោះ​។​
ឯកឧត្តម លោក​អភិបាលរង ខេត្ត បាន​ផ្ដាំផ្ញើ​អាជីវករ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​
​អនាម​យ័​តាម​វិធីសាស្ត្រ​បង្ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល រលក​ទី​២​ជម្ងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។​

ទន្ទឹម​និង​នេះ ឯកឧត្តម​អភិបាលរង បាន​ចែក​ម៉ាស់​ជូន​ប្រជាជន និង​អាជីវករ​លក់ដូរ នៅ​ទីនោះ​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​