ស ស យ ក ត្រៀម​ទូក​៧០​ទូក សម្រាប់​ទេសចរ ទៅលេង​កំសាន្ដ​នៅ​ដងស្ទឹង​សៀមរាប !

​សៀមរាប​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្ដ​សៀមរាប បាន​ត្រៀម​ទុក​ទូក​រួចជាស្រេច​សម្រាប់​ទេស​ចរណ៍​ទៅ​កំសាន្ដ​នៅ​ថ្ងៃ​ឈប់សម្រាក​នៅ​ខេត្ដ​សៀមរាប ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​អ្នក​ទេសចរណ៍​។​

លោក ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា​នេះ​ថា ទូក​ចំនួន​៧០​ទូក​នេះ ចែកចេញជា​បី​ប្រភេទ ទី​១ ទូក​ជិះ​កំសាន្ដ​ចំណុះ​ចំនួន​៤​នាក់​, ទី​២ ទូក​ជិះ​កំសាន្ដ​ចំណុះ​១​នាក់ ដែល​អាច​ជិះ​កំសាន្ដ​ទាំង​ពេលព្រឹក និង​ពេល​ល្ងាច ដែល​ចេញពី​ចំណុច​ស្ពានថ្ម​ព្រះរាជដំណាក់ ឆ្ពោះ​ទៅដល់​ស្ពានថ្ម​វត្ដ​បូព៌ រួចហើយ​ត្រឡប់មក​កន្លែង​ដើម​វិញ ក្នុង​តំលៃ​មួយ​ទាប និង​ទី​៣ ទូក​សម្រាប់​ផ្សារ​ទឹក ដែល​នៅលើ​ទូក​នោះ​មាន​លក់​ចំណីអាហារ​ជា​អ្នក​សៀមរាប​ទាំងអស់ ។ លោក​បាន​បន្ថែមថា ថវិកា​ថ្លៃ​ជិះទូក​គឺ​ចូលទៅ​សមាគម​ទូក​វិញ ដើម្បីអោយ​សមាគម​ពួកគាត់​មាន​ប្រាក់ចំណូល ក្នុង​ឱ​ថ្ងៃ​ដែល​មិនមាន​ភ្ញៀវ​ទេសចរណ៍​ដោយសារ​ខូ​វីដ​-១៩​។ លោក​បាន​បញ្ជាក់ទៀតថា ក្រៅពី​ជិះទូក​កំសាន្ដ​នៅ​ដងស្ទឹង​សៀមរាប ស​.​ស​.​យ​.​ក បានរៀបចំ​ស្ដង់​ម្ហូបអាហារ រៀបចំ​ក្រុម​សិល្បៈ​បុរាណ​សម្ដែង​អោយ​ភ្ញៀវ​ទេសចរណ៍​កំសាន្ដ​ទាំង​ពេល​រាត្រី និង​ពេល​ថ្ងៃ​ផងដែរ​។​បើទោះបី​មានការ​បើក​អោយ​ភ្ញៀវ​ទស្សនា​កំសាន្ដ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្ដី សស​យក​ត្រៀម​អនុវត្ដ​អនាម័យ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រួចរាល់​ហើយ​ផងដែរ​។​

​បើតាម ឯកឧត្តម ទៀ សីហា អភិបាលខេត្ដ​សៀមរាប មានប្រសាសន៍ថា គោលបំណង​សំខាន់ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ វា​ស្មើនឹង​ការផលិត​ស្ប៉ត​ផ្សព្វផ្សាយ​មួយ ជាមួយនឹង​ការអះអាង​ថា សៀមរាប​-​អង្គរ គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា ហើយក៏​ជាការ​អំពាវនាវ​ជម្រុញ​ឲ្យ​មានដំណើរ​ការ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក​ផងដែរ និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​-១៩ ។ ឯកឧត្តម​អភិបាលខេត្ត ក៏មាន​សង្ឃឹម​ជឿជាក់​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ឈប់សម្រាក​នេះ នឹងធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត នឹង​ទទួលបាន​ចំណូល​មួយផ្នែក ក្រៅពី​អាជីព​ប្រចាំថ្ងៃ និង​ធ្វើ​ឲ្យ​ជីវភាព​បងប្អូន​បាន​ធូរស្រាល ក្នុងពេលដែល​នៅលើ​ពិភពលោក​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩​នេះ​។

​​កម្មវិធី​ដែល​ត្រៀម​រៀបចំ​សម្រាប់​កំសាន្ដ រួមមាន​: ១- កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ ២- កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២, ៣- កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​, ៤- ផ្សារ​ទឹក​, ៥- ផាប់​ស្ទ្រី​ត​, ៦- កម្មវិធី​ជិះ​កង់​, ៧- កម្មវិធី​ជិះទូក​កំសាន្ត​, ៨-​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​, ៩- កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​, ១០- ផ្ទាំងទស្សនីយភាព​សិល្បៈ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​