សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា សហការ​ជាមួយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមយុវជន​ស្ម័គ្រចិត្ត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត យុវជន​កាយ​រិ​ទ្ឋ សរុប​ប្រមាណ​ជា​១០០​នាក់ ចុះ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ចំនួន​៤​គោលដៅ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ជាយថាហេតុ ។​

ក្នុង​យុទ្ធនាការ​នេះ មានការ​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​អ្នកប្រើប្រាស់​ផ្លូវ , ការ​សួរ និង​ឆ្លើយ​នូវ​សំណួរ​ស្តីពី​ច្បាប់ និង​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ដល់ ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត យុវជន​កាយ​រិ​ទ្ឋ លើ​ទ្រឹស្តី​គ​ន្លឺះ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួមទាំង​ធ្វើ​សេចក្ដីអំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ សូម​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន យោគយល់ និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ការឈប់ ការចត គោរព​ស្លាក​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍​នៅលើ​តាម​ដងផ្លូវ និង​អនុវត្តតាម​ការចង្អុល​ទិស​របស់​កម្លាំង​សមត្ថកិច្ច​នៅតាម​គោលដៅ ជាពិសេស​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

សូម​ចងចាំ​នូវ ៊​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​