មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ រៀបចំវេទិកា ពិគ្រោះយោបល់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ ដើម្បីរកធាតុចូលលើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងវេទិកា ពិគ្រោះយោបល់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ ដើម្បីរកធាតុចូលលើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២០ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តតត្បូងឃ្មុំ បានឲ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ អំណោយផលដល់ដំណាំឧស្សាហកម្មដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៧២ ១២០ហិកតា គឺស្ទើរ២/៣នៃផ្ទៃដីដាំដុះទាំងមូល។ ដំណាំស្រូវនិងដំណាំសាកវប្បកម្ម ក៏កំពុងដើរតួនាទីសំខាន់ក្នុងការបង្កើនចំណូលប្រជាកសិករនិងរួមចំណែកចំណូលសេដ្ឋកិច្ចជាតិ ហើយក្នុងរយៈពេល៥ឆ្នាំនេះ គ្រប់មុខដំណាំបានផ្តល់កំណើនជាបន្តបន្ទាប់។ ម្យ៉ាងទៀត ដំណាំឧស្សាហកម្មមួយចំនួន ដូចជា កៅស៊ូ ស្វាយចន្ទី ម្រេច ជាដើម មានការប្រែប្រួលកើនឡើងឬថយចុះទៅតាមចរន្តទីផ្សារ។ ចំណែកស្វាយកែវរមៀតនិងឈើហូបផ្លែប្រចាំតំបន់ដូចជា ទុរេន មង្ឃុត សាវម៉ាវ មានសន្ទុះដាំកើនឡើងគួរឲ្យចាប់អារម្មណ៍។ ដោយឡែក ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ជាលក្ខណៈកសិដ្ឋានមានការកើនឡើង និងការងារជលផល កំណើនផលិតកម្មជលផល រយៈពេល៥ឆ្នាំ មាន១៦,៤% ក្នុងនោះ ផលនេសាទទឹកសាបកើន ១១%និងផលវារីវប្បកម្មមាន ៩៥% រវាងឆ្នាំ២០១៤និងឆ្នាំ២០១៨។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ វេទិកាពិគ្រោះយោបល់ជាមួយមន្ទីរ/អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ថ្នាក់ខេត្ត ដើម្បីរកធាតុចូលលើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរ/អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងវិស័យឯកជន និងសហគមន៍កសិកម្ម ដែលពិតជាធ្វើឲ្យអង្គវេទិកានេះ រកបាននូវធាតុចូលបន្ថែម បំពេញចំណុចខ្វះខាត ជាពិសេសលើការងារដែលត្រូវអនុវត្តរួមគ្នា ក្នុងគោលដៅកំណើនការងារនិងចំណូលប្រជាកសិករប្រសើរឡើង ជំរុញកំណើនសេដ្ឋកិច្ចជាតិ អោយមានសង្គតិភាពទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម។

ឯកឧត្ដម បន្តថា ៖ វិស័យកសិកម្ម នៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយក៏បានរួមចំណែកក្នុងកំណើនផលទុនជាតិ តាមរយៈចំណូលពីការនាំចេញផលិតផលកសិកម្ម។ វិស័យនេះ បានផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម ថ្មីៗនេះក្នុងបរិបទនៃស្ថានភាពការឆ្លងរាលដាលសកលនៃជំងឺឆ្លងកូវីដ ១៩ កសិកម្ម កាន់តែដើរតួនាទីសំខាន់ក្នុងការរក្សានូវស្ថេរភាពសេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង ព្រមទាំងរួមចំណែករក្សាស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា គ្រប់សមាជិក សមាជិការនៃអង្គវេទិកាទាំងមូល ពិតជានឹងចូលរួមបញ្ចេញមតិយោ បល់ដោយផ្តើមចេញពីផែនការយុទ្ធសាស្ត្រទិសដៅនៃអង្គភាពរបស់ខ្លួន យកមកបន្ស៊ីជាមួយផែនការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យក្លាយជាផែនទីបង្ហាញផ្លូវមួយ ក្នុងការជំរុញអនុវត្ត អភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តម ពាង ណារិទ្ធ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មន្ទីរ/អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍ និងមន្ត្រីរាជការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ស្តាប់ ហើយនឹងបញ្ចេញមតិយោបល់យ៉ាងផុលផុសនិងយកចិត្តទុកដាក់ ក្នុងដំណើរការកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញមកពីការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ