អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​នៅលើ​ស្ពាន​ហាល​ខាងមុខ​អង្គរវត្ត​ឱ្យ​ដំណើការ​ឡើងវិញ !

សៀមរាប​៖ អ្នកជំនាញ​ផ្នែក​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា អាជ្ញាធរ​កំពុង​ជួសជុល និង​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​នៅលើ​ស្ពាន​ហាល​ខាងមុខ​ប្រាសាទអង្គរវត្ត​ឱ្យ​ដំណើការ​ឡើងវិញ ដើម្បី​សង្គ្រោះ​រចនាសម្ព័ន្ធ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​កុំឱ្យ​ថ្ម​ងាយ​ខូច​ពុកផុយ​ដោយសារ​បញ្ហា​ទឹក​ដក់​ទឹក​ហូរ​ច្រោះ​នា​រដូវវស្សា ។​

​លោក ញ៉ែម រស្មី មន្ដ្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា​នេះ​ថា ប្រព័ន្ធ​បង្ហូរទឹក​នេះ​ត្រូវបាន​បារាំង​រៀបចំ​ឡើងវិញ ក្រោយពេល​ជួសជុល​ស្ពាន​ហាល​កាលពីពេល​កន្លងមក ប៉ុន្តែ​ពុំបាន​បន្សល់ទុក​នូវ​ប្លង់​បច្ចេកទេស​លម្អិត​ឡើយ​។ លោក​បាន​បន្ដថា ដើម្បី​អនុវត្ត​ការងារ​ស្តារ​ប្រព័ន្ធ​ឱ្យបាន​ជោគជ័យ ក្រុម​អ្នកបច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ប្រើប្រាស់​ឧបករណ៍​ទំនើប​បែប​វិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជា​ប្រភេទ​ម៉ាស៊ីន​កាមេរ៉ា​ខ្សែ​សម្រាប់​ថត​ពិនិត្យ​បញ្ហា​ដែល​កកស្ទះ​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក​ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង​មនុស្ស​ជា​អ្នក​លើកដាក់​ថ្ម​ឡើយ​។ បន្ទាប់ពី​កំណត់​បាន​នូវ​បញ្ហា​ដែល​កើតមាន​ខាងក្នុង​ហើយ ក្រុម​អ្នកបច្ចេកទេស​បាន​ប្រើ​ម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បី​ខួង​លាង​សម្អាត​រន្ធ​កកស្ទះ​ទាំងនោះ​ចេញ​ដែល​បំពង់​ខួង​អាច​បត់បែន​បាន​តាម​សណ្ឋាន​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​ហើយ​នៅពេលនេះ​ប្រព័ន្ធ​ដោះ​ទឹក​នៅលើ​ផ្លូវ​ដើរ​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ខាងលិច​មានដំណើរ​ការ​ឡើងវិញ​ហើយដោយ​ពុំមាន​ដក់​ទឹក​ទៀត​ទេ​។

​លោក ញ៉ែម រស្មី បាន​បន្ដទៀតថា ក្រុម​អ្នកបច្ចេកទេស​អះអាងថា បញ្ហាសំខាន់​ដែល​ធ្វើ​ឱ្យេ​ទឹក​មានការ​កកស្ទះ​គឺ​ដោយសារ​មាន​កម្ទេចកម្ទីរ សំរាម​ប្លា​ស្ទិ​ច និង​ដី​បិទ​ជិត​រន្ធ ដូច្នេះ​ដើម្បីឱ្យ​ប្រព័ន្ធ​រំដោះ​ទឹក​អាច​ដំណើរការ​ឡើងវិញ ក្រុម​អ្នកបច្ចេកទេស​បាន​សម្អាត​រន្ធ​បង្ហូរទឹក​សរុប​ទាំងអស់​ចំនួន​៧​កន្លែង ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​