រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ដើម្បី​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន អោយអស់​ត្រឹម​ឆ្នាំ​២០២៥ !

​សៀមរាប​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា វាយតម្លៃ​ខ្ពស់​ថា បច្ចុប្បន្ននេះ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា បាន​នាំមក​នូវ​បដិវត្តន៍ និង​ស្វ័យ​ប្រតិកម្ម​មួយ​យ៉ាងសំខាន់ តាមរយៈ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប !

​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្តសៀមរាប អាជ្ញាធរ​មីន​បាន​ដំណើរការ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ផែនការ​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម និង​កម្មវិធី​វិភាគ​ទិន្នន័យ​សកម្មភាព​មីន​។ ក្នុង​គោលបំណង​របស់​វគ្គប​ណ្តុះ​បណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​កត់ត្រា​តាម​អន​ឡាញ លើ​ដំណើរការ​នៃ​ការរៀបចំ​កសាង​ផែនការ របស់​ក្រុមការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន រាជធានី​-​ខេត្ត ដែល​ហៅ​កាត់​ថា (​ម៉ា​ពូ​) ចាប់ពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​។ ម៉ា​ពូ មកពី​បណ្តា​ខេត្ត​ចំនួន​១៨ បានទទួល​យក​នូវ​ការបណ្តុះបណ្តាល​នេះ និង​មានការ​ចូលរួម​ផងដែរ មន្ត្រី​អាជ្ញាធរ​មីន និង​សមាជិក​តំណាង​គំរោង NPA-DFID​។​

​ថ្លែង​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​វាយតម្លៃថា បច្ចុប្បន្ននេះ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា បាន​នាំមក​នូវ​បដិវត្តន៍ និង​ស្វ័យ​ប្រតិកម្ម​មួយ​យ៉ាងសំខាន់ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​។ តាមរយៈ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​តាមដាន​ការអនុវត្ត​ផែនការ​បោសសម្អាត​មីន របស់​ម៉ា​ពូ​រាជធានី​-​ខេត្ត តាមរយៈ​អន​ឡាញ ហើយក៏​អាច​អនុញ្ញាត​ឲ្យ​ម៉ា​ពូ ផ្ទុក​និង​ឆែក​មើល​ទិន្នន័យ ក្នុង​ខេត្ត​របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ( សម្តេច​តេ​ជោ ហ៊ុន សែន ) បាន​ដាក់ចេញ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុងការ​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន អោយអស់​ត្រឹម​ឆ្នាំ​២០២៥​។ យ៉ាង​ដូច្នេះហើយ ទើប​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​មីន រៀបចំ​ការវាយតម្លៃ​ផែនការ​សកម្មភាព​មីន ៣​ឆ្នាំ (២០១៨-២០២០) នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដើម្បី​កែលម្អ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​សម្រាប់​វិស័យ​មីន​នៅ​កម្ពុជា ឈានទៅដល់​ភាពជោគជ័យ តាម​ផែន​ការដែល​បានដាក់​ចេញ​។

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​សកម្ម​ភាព​មីន​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា​៖ បើ​យោងតាម​តួរ​លេខ​របស់​អង្គការ ស៊ី​អិ​ម​វី​ស ( CMVIS ) ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​៣៨​នាក់ ថយចុះ​៤០% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដែលមាន​អត្រា​ជនរងគ្រោះ​ចំនួន​៤៨​នាក់ ដែល​នេះ​គឺជា​បញ្ហា​ដែល​តម្រូវ​ឲ្យ​អ្នកពាក់ព័ន្ធ ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​កា​រងារ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត​។ ម៉ា​ពូ គឺជា​ខ្នងបង្អែក​នៅក្នុង​វិស័យ​មីន និង​ជា​អ្នក​ជួយ​កាត់បន្ថយ ពិការភាព និង​ការបាត់​បង់ជីវិត ក្រោម​ការ​គ​ម្រោម​កំហែង​ដោយ​គ្រាប់មីន​ប្រឆាំង​មនុស្ស កាកសំណល់​នៃ​ស​ង្ក្រា​ម​នោះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​