អភិបាលខេត្ត​សៀមរាប បង្ហាញថា ថ្ងៃ​ឈប់សម្រាក់​សង​ថ្ងៃបុណ្យ​ឆ្នាំ​ខាងមុខ ជា​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត អាច​ស្ដារ​នូវ​សេដ្ឋកិច្ច​ឡើងវិញ !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​សំណេះសំណាល​ជាម​បងប្អូន​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍ រថយន្ត​តាក់ស៊ី , រ៉ឺម៉ក់​កង់​បី រួមទាំង ផា​ស្អាប់​នៅក្នុង​ខេត្ត ប្រមាណ​ជាង​១៤០​នាក់ នៅ​សាលប្រជុំ​សាលាខេត្ត ដើម្បី​ធ្វើការ​ណែនាំ​អំពី​ការត្រៀមខ្លួន ក្នុងការ​ទទួលភ្ញៀវ​ទេស ចូល​មកលេង​ក្នុង​ខេត្ត​នេះ សម្រាប់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​នា​ថ្ងៃ​ខាងមុខ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​ទៀតថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូល នាពេល​ខាងមុខនេះ វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ខេត្តសៀមរាប និង​បងប្អូន​ទូទៅ​ក្នុងការ​ស្ដារ​នូវ​សេដ្ឋកិច្ច​ឡើងវិញ ។ ក្នុងនោះ​សម្រាប់​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត បាន​សហការ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​កម្មវិធី​មួយ គឺ​កម្មវិធី​” សម្រាក​សៀមរាប​” ដើម្បី​ធ្វើការ​បង្ហាញ​នូវ​សក្តានុពល​ទេសចរណ៍​ខេត្ត និង​លើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​ខ្មែរ ឲ្យ​បាន​គង់វង្ស​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា កម្មវិធី សម្រាក​សៀមរាប​នេះ បងប្អូន​មគ្គុទេសក៍​ទេសចរណ៍ នឹង​បាន​ចូលរួម​ធ្វើការ​ពន្យល់​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ ឲ្យ​បាន​ស្គាល់​កាន់តែ​ច្បាប់​អំពី សម្បត្តិ​វប្បធម៌​ជាតិ​ប្រវត្តិសាស្ត្រ ព្រមទាំង​ពី​ស្ថានភាព​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃភ្នំ​ទៀតផង ។ ក្នុងនោះ​សកម្មភាព​នេះ​យើង​មិនមែន​ធ្វើ​តែ ក្នុងពេល​ឈប់សម្រាក​នោះឡើយ គឺ​ត្រូវ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​ឈប់សម្រាក់​ប្រចាំ​សប្តាហ៍ នៅតាម​បណ្តា មូលដ្ឋាន​ស្រុក​មួយចំនួន ក៏បាន​ធ្វើការ​ពង្រីក​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​មួយចំនួនទៀត ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេ​ចរណ៍​ជាតិ អន្តរជាតិ មកពី​គ្រប់​មជ្ឈដ្ឋាន ក្រោយពេល​បញ្ចប់​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩​នេះ​តទៅ ។​

​ក្នុងនោះដែរ ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ​ដល់​អ្នកចូលរួម​ទាំងអស់ ដោយ​ផ្តោតទៅលើ​រាល់​ផលប៉ះពាល់​ចំពោះ​វិបត្តិ​នេះ ខណ​:​នៅពេលដែល​ពិភពលោក បាន​នឹង​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩​យ៉ាងខ្លាំង​។ ចំពោះ​ខេត្តសៀមរាប ដែលជា​ប៉ូល​សេដ្ឋកិច្ច​ទេសចរណ៍​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​បាត់បង់​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ និង​អ្នករត់​រ៉ឺម៉ក​កង់​បី ទាំងអស់​លើក​នូវ​បញ្ហា​ទុក្ខ​កង្វល់ សំណូមពរ នៅក្នុង​អំឡុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​មុខរបរ​ប្រចាំថ្ងៃ ដើម្បី​ធ្វើ​កិច្ចពិភាក្សារ​កនូវ​ផ្លូវ​គន្លឹះ​ល្អ ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្តារឡើងវិញ នូវ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ។

​បើតាម​របាយការណ៍រ​បស់ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ពេល​ជួប​វ​ប​ត្តិ​ជម្ងឺ​កូ​វិដ​១៩​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍ ក្នុងនោះ​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​គ្រប់​ភាសារ ,​អ្នករត់​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ ,​រឺ​ម៉ក់​កង់​បី និង​ផា​ស្អាប់ ប្រមាណ​ជាង​៥​ពាន់​នាក់ ដែល​រង​ការប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ រួមទាំង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួមទាំង​បងប្អូន ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរ​ទៀតផង​ដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​