ប្រជាកសិករ​ងាយ​រង​គ្រោះ​ដែល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​អង្គរធំ ខេត្តសៀមរាប បានទទួល​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ ពី​ប្រ​ព័​ន្ឋ​ស្បៀង​បំរុង​កម្ពុជា !

​សៀមរាប​៖ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ពិធី​ចែកជូន​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ដល់​កសិករ និង​កម្មករ ដែល​រង​ផលប៉ះពាល់​ពី​វិ​ប​ត្ត​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព ជា​លក្ខណៈ​គ្រួសារ ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា លោក ង៉ាន់ ភិ​រុណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី តំណាង​អគ្គនាយកដ្ឋាន​កសិកម្ម តំណាង​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ នៃ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា អភិបាលរង ស្រុក​អង្គរធំ មេឃុំ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាកសិករ ក្នុងស្រុក​ជាច្រើន​រយ​នាក់​ផងដែរ ។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្តល់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ពី​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា គឺ​ដើម្បី​ជំរុញ​ការដាំដុះ បន្លែ​សុវត្ថិភាព ជា​លក្ខណៈ​គ្រួសារ ជា​ការជួយ​បង្កើត​ការងារ និង​បង្កើន​ជីវភាព​ប្រចាំថ្ងៃ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​ងាយ​រងគ្រោះ ជាពិសេស​គ្រួសារ​បងប្អូន​មួយចំនួន ដែល​ត្រូវ​ផ្អាក​ពី​ការងារ បងប្អូន​ចំណូលស្រុក​មកពី​ប្រទេសជិតខាង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វី​-១៩ ជាដើម​។ ហើយ​ដែល​ការដាំដុះ​នេះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍ និង​ផ្តល់​ផលចំណេញ​ដល់​ពួកគាត់ ដោយ​កាត់បន្ថយ​ចំណាយ​ថវិកា​ទៅ​ទិញ​នៅ​ទីផ្សារ ចំណេញ​ដល់​សុខភាព ព្រោះ​យើង​ដាំ និង​ថែទាំ​ដោយ​ខ្លួនឯង​មិន​បារម្ភ​ពី​បន្លែ​មានប្រើ​ជីគីមី​ឬ​បន្លែ​នាំចូល​ឡើយ ដូច្នេះ​ក្នុងនាម​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្រុមប្រឹក្សា​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ល​ជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ទោះជា​កាលៈទេសៈ​ណាក៏ដោយ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ លើកឡើងថា ការអនុវត្ត​ប្រ​ព័​ន្ឋ​នេះ គឺជា​ទស្សនវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល ដល់​ការលើកទឹកចិត្ត និង​ជំរុញ​ចលនា​បង្កើន​ការដាំដុះ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង ជាពិសេស​នោះ គឺ​ផ្តោតទៅលើ​ការយកចិត្តទុកដាក់​ជាសំខាន់​ជួយ​ដល់​ប្រជាកសិករ ក្នុង​គោលដៅ​ជា​អាទិភាព ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត ឲ្យ​មានលទ្ធភាព​រកប្រាក់​ចំណូល​សម្រាប់​គ្រួសារ តាមរយៈ​នៃ​ការដាំដុះ​ផលដំណាំ បន្ថែម​ពីលើ​ការងារ​បង្កបង្កើនផល​ស្រូវ​ស្រែ​នោះ​។ ការចែកជូន​នេះ មិនបាន​កំណត់​ចំនួន​គ្រួសារ​នោះទេ តែ​ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ ស្តែង។​

ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ បាន​បន្ថែមថា ការអនុវត្ត​ប្រព័ន្ធ​ស្បៀង​បំរុង​នេះ គឺ​ឆ្ពោះទៅរក​ការបង្កបង្កើន​ផល ដំណាំ​សុវត្ថិភាព ដែលជា​គោលការណ៍ ដើម្បី​សុខភាព តាមរយៈ​នៃ​ការបរិភោគ​ចំណីអាហារ ដែល​គ្មាន​ជាតិគីមី​។

​សូម​បញ្ចា​ក់ថា ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១២ ហើយ​កិច្ចដំណើរការ​របស់​ប្រព័ន្ធ​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​ថវិកាជាតិ​១០០% ក្រៅពី​កញ្ចប់​ថវិកា​សម្រាប់​ការផ្គត់ផ្គង់ ចែកជូន​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ នៅមាន​បំរុង​ស្បៀង​ជា​អង្ករ​សម្រាប់​អន្តរាគមន៍ នៅពេល​មាន​គ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និង​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ក្នុងនោះដែរ​បាន​ត្រៀម គ្រាប់​ពូជស្រូវ គឺមាន​បំរុង​ប្រមាណ​ជា ៣០០០​តោន ក្នុង​មួយឆ្នាំៗ​។ ដោយឡែក​សម្រាប់​ខេត្តសៀមរាប ក្រុមការងារ​បានផ្តល់​ជូន​ពូជ​បន្លែ​ផងដែរ កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២០​កន្លងមក​។ គិត មកដល់ពេលនេះ គឺ​អនុវត្ត​នៅ​ស្រុក​មួយចំនួន​ដូចជា ស្រុក​ស្រីស្នំ ស្រុក​វ៉ារិន ស្រុក​អង្គរជុំ ស្រុក​អង្គរធំ និង​ស្រុក​ប្រាសាទបាគង ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុ​បាន​នាំយក ពូជ​បន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និង​ស្ពៃ​ច​ង្កើះ ចែកជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​មិន​កំណត់​ចំនួន​គ្រួសារ​ឡើយ ឱ្យតែ​បងប្អូន​ស្ម័គ្រចិត្ត​ចង់​ដាំ​ដុះ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​