អ្នកជំនាញ​បរិស្ថាន ព្រួយបារម្ភ​ពី​ការ​ចោល​សំរាម​មិន​ត្រឹ​ត្រូវ​កើនឡើង​នៅក្នុង​ក្រុង​សៀមរាប និង​តំបន់​អង្គរ !

​សៀមរាប​៖ មន្ដ្រី​ជំនាញ​ផ្នែក​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​ការព្រួយបារម្ភ​ពី​បោះចោល​សំរាម​កើនឡើង​នៅ​តំបន់​អង្គរ​និង​ក្នង​ក្រុង​សៀមរាប ដែល​ធ្វើអោយមាន​ផលប៉ះពាល់​ដល់​សុខភាព សោភ័ណភាព សេដ្ឋកិច្ចជាតិ និង​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម​ផងដែរ​។ ការព្រួយបារម្ភ​នេះ បានលើកឡើង​នៅក្នុង​ការរៀបចំ​សិក្ខាសាលា​ស្តីអំពី ” ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ សម្រាប់​ឆ្នាំ​២០២០” កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ។ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​សៀវភៅ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ ស្វែងយល់ និង​ចូលរួម​ការពារ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​។

​លោក ស្រេង ឡេង មកពី​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​បទ​បង្ហាញថា ការ​បោះចោល​សំរាម​អ​នា​ធិ​បេ​ត្យ និង​គ្មាន​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​នៅ​ក្រុង​សៀមរាប កំពុង​កើតមានឡើង គួរអោយ​ព្រួយបារម្ភ ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​សោភ័ណភាព​ក្នុង​សង្គមជាតិ និង​សេដ្ឋកិច្ចជាតិ​ផងដែរ ព្រោះ​នៅពេល​សំរាម​បោះចោល​នោះ​ច្រើន ត្រូវ​ប្រមូល​ទៅ​ទុកដាក់​អោយបាន​ត្រឹមត្រូវ​ឡើងវិញ គឺ​ត្រូវ​ការចំណាយ​ថវិកា​។ ជាមួយគ្នា​នោះ ការដុត​សំរាម​ចោល​ក៏បាន​កើតឡើង​គួរអោយ​ព្រួ​បារម្ភ​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​ផងដែរ​។ លោក​បន្ដថា សំរាម​ដែលមាន​ផលប៉ះពាល់​ខ្លាំង​ទាំង​មនុស្ស និង​សត្វ ដោយសារ​សំរាម​ប្លា​ស់​ស្ទិ​ក ជា​សំរាម​មិនអាច​រលួយ​នោះទេ​។​

​លោក សុខ លក្ខិណា អ្នកតំណាង​គ្រប់គ្រង​បរិស្ថាន​អង្គរ បាន​លើកឡើងថា ការអនុវត្ត​ការងារ​គ្រប់គ្រង​បរិស្ថាន​គឺជា​ការគ្រប់គ្រង​ការងារ​ទាំងស្រុង ហើយ​ការងារ​នេះ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​។ បើទោះបី​ឆ្នាំ​២០២០ នេះ ពិភពលោក​ទទួលផល​ប៉ះពាល់​គ្រប់​វិស័យ​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ រាតត្បាត រួមទាំង​ប្រទេស​កម្ពុជា ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លៀត​យក​ផល​លំបាក​នេះ​ប្រែជា​សក្កា​នុ​ភាព ដើម្បី​ពង្រឹង​ការថែទាំ កែលម្អ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ជាក់ស្តែង​ការរៀបចំ​រចនាសម្ព័ន្ធ សួនច្បារ ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។ លោក​បន្ដថា ការថែរក្សា​បេតិកភណ្ឌ និង​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ឧទ្យាន​អង្គរ​ទាំងមូល​សំខាន់​ណាស់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ខិតខំ​កន្លង​មកឱ្យ​រីកចម្រើន​គ្រប់​វិស័យ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កើន​ឡើងជា​លំដាប់​។ ដើម្បី​រក្សា​ឱ្យបាន​រមណីយដ្ឋាន​ធម្មជាតិ រក្សា​ធម្មជាតិ​កាន់តែ​ប្រសើរឡើង អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​មួយ​ប្រកបដោយ​ប្រសិទ្ធិភាព និង​និរន្ត​ភាព​ដែល​អនុលោម​តាម​ស្តង់ដារ ISO 14001 ដែលមាន​ការចូលរួម​តាមដាន​របស់​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance (JQA)​។​

​លោក​បន្ថែមថា មកដល់ពេលនេះ ក្រុមការងារ​បាន​អនុវត្តតាម​ស្តង់ដារ តាំងពី ISO14001 ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៨ អនុវត្ត​ស្តង់ដារ​ថ្មី គឺ ISO 14001:2015 ដែលមាន​ការកែប្រែ​ខ្លះៗ​។ នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ជា​ឆ្នាំ​ចុងក្រោយ​ដែល​នឹង​អស់​សុពលភាព​វិញ្ញាបនបត្រ ស្របពេល​ដែល​សវន​ក​រ​តំណាង​ស្ថាប័ន JQA ចុះមក​ពិនិត្យ​តាមដាន ដើម្បី​បញ្ជា​ក់នូវ​ភាព​អនុលោម​ជាប្រចាំ​ថ្ងៃ​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន នៅក្នុង​រយ​:​ពេល​នៃ​សុពលភាព​៣​ឆ្នាំ នៃ​ស្ដង់ដា ISO14001: 2015៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​