អភិបាលក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូ​វីដ​១៩​នៅតាម​មូលដ្ឋាន​

​កំពត​៖ អភិបាលខេត្ត​កំពត​បា​ន​លើកឡើងថា រដ្ឋបាល​ក្រុង ស្រុក កម្លាំង​សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ចុះ​ពិនិត្យ ពិភាក្សា ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ត្រូវ​រួមសហការ​គ្នា​បំផុស​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យ បន្ត​អនុវត្ត​វិធានការ​អនាម័យ អនុវត្តតាម​បទបញ្ជា និង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ កុំ​ឲ្យ​ឆ្លង​ដល់​សហគមន៍ ពិសេស​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​សង ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ដែល​បាន​អះ​ខាន់​កន្លងមក ។

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តកំពត​នៅ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​លើកឡើងថា គណៈបញ្ជាការ​ឯកភាព គឺជា​បញ្ជា​ការឯកភាព​តែមួយ ដែលមាន​ការចូលរួម​ពី​មន្ទីរ អង្គភាព កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​។ ដូច្នេះហើយ ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត ត្រូវ​រួបរួមគ្នា​ពិនិត្យ ពិភាក្សា​រាល់​បញ្ហា ដែល​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​គ្រប់គ្រង និង​ត្រូវធ្វើ​សេចក្តីរាយការណ៍ ពី​បញ្ហា​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ​តាម​គ្រប់​មធ្យោបាយ សំដៅ​ធ្វើ​ឲ្យ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ដល់​ប្រជាពលរដ្ឋ ។
​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខេត្ត ក្រុង ស្រុក ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ង្កេ​ត ពិនិត្យ និង​វាយតម្លៃ រាល់​បញ្ហា និង​រាល់​សកម្មភាព ឬ​ហេតុការណ៍​ដែល​កើត​នៅក្នុង​បណ្ដា​ក្រុង ស្រុក គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវមាន​វិធានការ និង​ធ្វើ​សកម្មភាព​ដោះស្រាយ​ដោយផ្ទាល់ ប៉ុន្តែ​ក្នុងករណី​ការដោះស្រាយ​ហើយ ពុំ​ទទួលបាន​លទ្ធផល ត្រូវ​រាយការណ៍​មក​ខេត្ត ដើម្បី​សហការគ្នា​អនុវត្ត​ធ្វើយ៉ាងណា ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។
​ឯកឧត្តម​អភិបាលខេត្ត​បានស្នើ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ពិសេស សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃ​ឈប់សម្រាក​សង ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី ២៣​ខែសីហា ឆ្នាំ​២០២០​នេះ ហើយ​អាជ្ញាធរ​ក្រុង​ស្រុក និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួមសហការ​គ្នា​ឲ្យ​បានល្អ ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​ជនល្មើស​តែង​ឆ្លៀតឱកាស​ក្នុងពេល​ថ្ងៃ​ឈប់សម្រាក​។ បន្ត​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ឲ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្តតាម​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏​ដូច​ក្រសួងមហាផ្ទៃ ពិសេស​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់តែ​ប្រសើរ ចៀស​ផុតពី​ការចម្លង​ទៅក្នុង​សហគមន៍ ឬ​មូលដ្ឋាន​នៅក្នុង​ឱកាស​ឈប់​សង​នោះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​