សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩

កំពត៖ នា​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត រួមជាមួយ​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​រ៉ៃ​ញ្ញាណ ស្ថិតនៅក្នុង​ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ដែលមាន​អ្នក​ចូល​សរុប​ប្រមាណ​១៥៥ នាក់ (​ស្រី​៩៩ នាក់​) និង​បាន​ចែក​ខិតប័ណ្ណ​អប់រំ​ចំនួន​២៧៥​សន្លឹក ម៉ាស់​១៥៥​បន្ទះ និង​អាល់កុល​៩​លីត្រ​។

​ក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ​បាន​ចាក់​សារ​សម្លេង​អប់រំ​របស់​ក្រសួងសុខាភិបាល តាម​រថយន្ត និង​ចុះ​អប់រំ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ពី​វិធី​លាង​សម្អាត​ដៃ ការពាក់​ម៉ាស់ ការប្រើប្រាស់​ក្រ​ម៉ារ​និង​ការការពារ​នៅពេល​ធ្វើដំណើរ​នៅ​ទីប្រជុំជន ។

​ដោយឡែក​ចំពោះ​ក្រុមគ្រួសារ​ណា​ដែលមាន​បងប្អូន មកពី​ក្រៅប្រទេស សូម​ដាក់​ឲ្យ​គាត់​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​តាមដាន​ពី​សុខភាព​ជាប្រចាំ ហើយ​បើ​មាន​ករណី​គ្រុនក្តៅ មានកំ​ដៅ​លើសពី​៣៨​អង្សា សូម​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខ​ស​ភិ​បាល​ឫ​ក្រសួងសុខាភិបាល តាមរយៈ​លេខ​១១៥ ដើម្បី​សាកសួរ​ព៌​ត​មាន​បន្ថែម ។

​ទន្ទឹមនឹងនេះ​ក្រុមការងារ ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​កាត់បន្ថយ​ការជួប​ជុំគ្នា​ជា​ទ្រង់ទ្រាយ​ធំ ការនិយាយ​ទាក់ទង​គ្នា​ត្រូវមាន​គម្លាត​១​ម៉ែត្រ​ជាង ពាក់​ម៉ាស់​ឬ​ក្រ​ម៉ា​ខ្ទប់មាត់ និង​ធ្វើ​អនាម័យ​ឲ្យ​បានល្អ​រៀងរាល់​ពេក​ចាប់​កាន់​របស់​អ្វីមួយ ជាពិសេស​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង​គ្រប់ៗ​រូប​៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត