ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ដឹកនាំ កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅ​ស្រុក​កំពង់ត្រាច​

​កំពត​៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅ​ស្រុក​កំពង់ត្រាច ដោយមាន​សមាសភាព​ចូលរួម លោកជំទាវ​អភិបាលរង​ខេត្ត អគ្គនាយក​ក្រុមហ៊ុន នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ អភិបាលស្រុក​កំពង់ត្រាច និង​មន្ត្រី​ជំនាញ​សរុប​ចំនួន ៤០ នាក់​។​

​សូមបញ្ជាក់ថា​៖ ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់​សំណើសុំ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ ៤២ ហិកតា ជា​តំបន់​ជាប់មាត់​សមុទ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ដើម្បី​ធ្វើការ​វិនិយោគ សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ​៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍ ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨ លាន​ដុល្លា​អា​មេ​រិច​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត មាន​ប្រសា​ស​ន៌​ថា រដ្ឋបាលខេត្ត ទទួលយក​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បី​រដ្ឋបាលខេត្ត​រៀបចំ​ក្រុមការងារ​ជំនាញ​ធ្វើការ​លើ​ការងារ​បច្ចេកទេស ផ្លូវច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ រួច​គោរព​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៌​កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​និង​សម្រេច​លើ​គម្រោង​ស្នើសុំ​នេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​