លោកជំទាវ ឱ វណ្ណឌី​ន អញ្ជើញ​ចុះ​ពិនិត្យ ការអនុវត្ត​វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ នៅ​ខេត្តព្រៃវែង​

(​ព្រៃវែង​)៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកជំទាវ លី អៃ​ឡាន (Li Ailan) ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ពិនិត្យមើល​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅ​ខេត្តព្រៃវែង ចំពោះ​ការអញ្ជើញ​ចុះ​ពិនិត្យ ការអនុវត្ត​វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​១៩​នេះ មាន​រយៈពេល ២ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១២-១៣ ខែសីហា ឆ្នាំ​២០២០​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ខេត្តព្រៃវែង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ព្រមទាំង​កិច្ចការងារ​ផ្សេងៗ​ទៀត ដែល​ក្រសួងសុខាភិបាល​បាន ជូនដំណឹង​ជា​បន្ត​បន្តបន្ទាប់​នាពេល​កន្លងមក​។ ក្នុងនាម​ក្រសួងសុខាភិបាល ក៏​សូម​អបអរសាទរ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ដោយ​គិត​មក​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ ពុំទាន់​រកឃើញ​ករណី​វិជ្ជមាន ទៅលើ​ប្រជាពលរដ្ឋ​ណាមួយ​ឡើយ​។​

​លោកស្រី ឱ វណ្ណឌី​ន បន្តថា ក្នុងនាម​ក្រសួងសុខាភិបាល មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រដ្ឋបាលខេត្ត​ព្រៃវែង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នៅតែ​បន្ត​ចាត់វិធានការ ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ទៅ​ដូចជា ការធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ចូល​ខេត្ត និង​វិធានការ​ចាំបាច់​មួយចំនួន​ទៀត ជាពិសេស​បង្កើន​ស្មារតី ប្រុងប្រយ័ត្ន​បន្ថែមទៀត និង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ភ្ញៀវទេសចរ ឲ្យ​រក្សាបាន​នូវ​វិធាន​អនាម័យ​ដោយ​ការ​លាងដៃ​នឹង​សាប៊ូ អាល់កុល ពាក់​ម៉ាស់ ការរក្សា​គម្លាត​សុវត្ថិភាព ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​របត់​ថ្មី នៃ​បរិបទ​សង្គម​បច្ចុប្បន្ននេះ​។​

​លោកជំទាវ ឱ វណ្ណឌី​ន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នៅក្នុង​ការឈប់​សម្រាក​ស​ង​ថ្ងៃ​ចូលឆ្នាំ​នៅពេល​ខាងមុខនេះ​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដោយ​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ លាងដៃ​នឹង​សាប៊ូ អាកុល ជែ​ល​និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្ដីពី​វិធានការ​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ហើយ​ជាពិសេស​សូម​ឲ្យ​មន្ត្រី​យើង​ត្រូវ​តាមដាន​ចំពោះ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​ទេសចរណ៍​ផ្សេងៗ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រូវមាន​សាប៊ូ អាល់កុល ជែ​ល សម្រាប់​ឲ្យ​ភ្ញៀវ​លាង​សម្អាត​ដៃ ព្រមទាំង​ម៉ា​សុ​ី​ន​វាស់​កម្ដៅ និង​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។​

​បើតាម​របាយការណ៍​ដែល​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានធ្វើ​បទ​បង្ហាញ​ដល់​គណៈប្រតិភូ​ថា ការងារ​គ្រប់​គ្រងច​ត្តា​ឡី​ស័ក​នៅ​ខេត្តព្រៃវែង​ក្នុងនោះ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​មាន​ចំនួន ៤​កន្លែង​និង​មណ្ឌល​ត្រួតពិនិត្យ​មាន​១​កន្លែង​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត ២​មាន​៤​កន្លែង មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​មាន​១​កន្លែង​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង ចំណែក​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​មួយ​មាន ១១៩​កន្លែង​។​ក្រុម​ឆ្លើយតប​បន្ទាន់​(RRT)​មាន​២៨២​នាក់​និង​ក្រុម​ចុះ​តាមដាន​សុខភាព​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​មាន​ចំនួន ២១៩ នាក់​។​

​ចំពោះ​ទិសដៅ​បន្ត​សម្រាប់​ទប់ស្កាត់​រល​ក​ទី ២​នៃ​ជំងឺ​កូ​វីដ​១៩​សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ខេត្តព្រៃវែង​គឺ​បន្ត​ចុះ​អប់រំ​និង​ពិនិត្យ​សុខភាព​ជាប្រចាំ​តាម​មណ្ឌល​ចិត្តសាស្ត្រ​កម្រិត​២,១​និង​នៅផ្ទះ ព្រមទាំង​បន្ត​អប់រំ​ផ្សព្វផ្សាយ​នៅតាម​ទីប្រជុំជន​និង​សហគមន៍​តាមរយៈ​ខិតប័ណ្ណ​នឹង​ចាក់ផ្សាយ​តាម​មេក្រូ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​នៅតាម​ច្រកព្រំដែន​និង​សហគមន៍​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​