អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត

(កោះកុង)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សិក្ខាសាលាផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីប្រជាសហគមន៍ឃុំជីផាត ស្រុកថ្មបាំង។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្សព្វផ្សាយដល់សហគមន៍ជីផាត ដែលជា សហគមន៍ទេសចរណ៍ដ៏ល្បីមួយ នៃប្រទេសកម្ពុជា និងមានភ្ញៀវទេសចរណ៍ចូលមកលេងច្រើន ដែលទាមទារឲ្យមានការយល់ដឹងពីបញ្ហាប្រឈម នៃការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀនដោយសារអេដស៍មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងគ្រឿងញៀន និងបានណែនាំប្រជាសហគមន៍ត្រូវចូលរួមសហការឲ្យបានជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ជីផាត និងរាយការណ៍បើមានករណី ប្រើប្រាស់គ្រឿងញៀន និងចូលរួមការពារ ទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សំរាកនាថ្ងៃ១៧-២១ ខែសីហា ខាងមុខនេះ។

សារដ៏មានសារៈសំខាន់របស់គណៈប្រតិភូ នៃអង្គសិក្ខាសាលាគឺ ដើម្បីឈ្នះអេដស៍ គឺទី១: ស្មោះមួយនឹងមួយ និងទី២: ត្រូវប្រើស្រោមអនាម័យ និងត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹង និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង