អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​អោយ​ពលរដ្ឋ​យក​កូនឈើ​ទៅ​ដាំ ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​ក្នុង​តំបន់​អង្គរ !

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ផ្ដល់​កូនឈើ​ដល់​ប្រជាពលរដ្ឋ ចំនួន​១១​ម៉ឺន​ដើម​នៅក្នុង​ឆ្នាំ​២០២០​នេះ ក្នុង​គោលបំណង​អោយ​ពលរដ្ឋ​ដាំ ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​ក្នុង​តំបន់​អង្គរ និង​ដើម្បី​លើកកម្ពស់​ទេសភាព​បៃតង និង បរិស្ថាន​ស្អាត​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ដើមឈើ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​មនុស្សជាតិ ទាំង​ប្រាសាទបុរាណ ទាំង​បរិស្ថាន​ផងដែរ ដូចនេះ នៅ​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ផ្ដល់​កូនឈើ​ជាច្រើន​ប្រភេទ​ចំនួន​១១​ម៉ឺន​ដើម​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ សម្រាប់​យកទៅ​ដាំ បើទោះបី​នៅទីណា​ក៏ដោយ​។ ការផ្ដល់​កូនឈើ​នេះ ក្នុង​គោលបំណង​ស្ដារ​គម្រប​ព្រៃឈើ​ក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ឲ្យ​កាន់តែ​ច្រើនឡើង និង​បំផុសស្មារតី​ឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​អំពី​កិច្ចការ​បរិស្ថាន​ផងដែរ​។ កូនឈើ​សម្រាប់​ចែកជូន​សម្រាប់​ចែកជូន​សាធារណជន​ដោយ​មិន​គិតថ្លៃ​នោះ មានដូចជា កូនឈើ​គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿង​រាជ គុយ សិរមាន់ ផ្ញៀវ អង្គារ​ដី ផ្កាក្ងោក​តូច ផ្កាក្ងោក​ធំ ផ្កា​ឥន្ទនេល ផ្កា​អង្គា​បុស្ស​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា ចាប់ពី​ខែមិថុនា​មកដល់​បច្ចុប្បន្ន​នេះ គឺមាន​រយៈពេល​ជាង​២​ខែ​មកហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែក​កូនឈើ​ជាង​៧​ម៉ឺន​ដើម​ដល់​អង្គភាព​រដ្ឋ អង្គការ សហគមន៍ សាលារៀន វត្ត​អារាម វិស័យ​ឯកជន និង​សាធារណជន​ទូទៅ​ដែល​បានដាក់​ពាក្យស្នើសុំ​យកទៅ​ដាំ​នៅតាម​តំបន់​ផ្សេងៗ​ទាំង​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្ត​អា​រ៉ា​ម និង​សាធារណជន​ទូទៅ​ធ្វើការ​ទំនាក់ទំនង​មក​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​បាន​មុន​ពាក់កណ្តាល​ខែកញ្ញា ដើម្បី​ទទួលយក​កូនឈើ​ទៅ​ដាំ​តាម​ទីតាំង​ចាំបាច់​របស់ខ្លួន ដោយ​ដាក់ពាក្យ​ស្នើសុំ​កូនឈើ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​អាជ្ញាធរ​ជាតិ​អប្សរា ឬ​ទាក់ទង​លេខ​ទូរស័ព្ទ​០៩២៨៩៩៩៦៦ អោយបាន​មុន​ខែកញ្ញា​ខាងមុខនេះ​។​កូនឈើ​ដែល​ត្រូវ​ផ្ដល់​បន្ថែមទៀត​គឺ​នៅសល់​៤​ម៉ឺន​ដើម​ទៀត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​