គិត​មកទល់​ថ្ងៃទី​១២ ខែសីហា​នេះ មាន​ភ្ញៀវទេសចរ​ជាតិ បានចាប់ផ្តើម​កក់​បន្ទ​ប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​ជា​បន្តបន្ទាប់​ហើយ ខណ​:​នៅសល់តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កម្មវិធី​សម្រាក​សៀមរាប នឹង​ចាប់ផ្តើម !

​សៀមរាប​៖ លោក ហ្វី លិ​ប​កៅ ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាល​បានឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដែល​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នេះ រដ្ឋបាលខេត្ត សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​មួយ​ឈ្មោះថា​” សម្រាក​សៀមរាប ” ដែល​នៅក្នុង​កម្មវិធី​នេះ មាន​តាមបែប​ប្រពៃណី សាសនា កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដោយ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ កម្មវិធី​ទាំងនោះ​មាន​÷ កម្មវិធី​សាសនា ដែល​ជាការ​បួងសួង​សុំ​សេចក្តីសុខ , កម្មវិធី​តាំងពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល នៃ​ផលិតផល​របស់​ក្រុង​-​ស្រុក​ទាំង​១២ , កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប , កម្មវិធី​ផ្សារ​ទឹក , កម្មវិធី​ជិះទូក​កំសាន្ត , កម្មវិធី​កំសាន្ត​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត , កម្មវិធី​ជិះ​កង់​កំសាន្ត , កម្មវិធី​កីឡា​វាយ​កូន​ហ្គោល , កម្មវិធី​ដើរ​ព្រៃ នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចង្ក្រាន​រយ , តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និង ផ្ទាំងទស្សនីយភាព​សិល្បៈ ព្រមទាំង​មានកម្ម​វិធី​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ។​

​លោក ហ្វី លិ​ប​កៅ បានឱ្យដឹង​ទៀតថា គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ធ្វើការ​កក់​បន្ទប់​ស្នាក់​នៅក្នុង​ខេត្ត មាន​ជា​បន្តបន្ទាប់​ហើយ តែ​មិនទាន់​ច្រើន​នៅឡើយ​ទេ ដោយសារតែ​តាម​ទម្លាប់​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន មិនសូវ​កក់​បន្ទប់​ស្នាក់​មុន​ទេ ច្រើនតែ​មកដល់​ភ្លាម​ចូល​ស្នាក់នៅ​ភ្លាម​។​ជាមួយនេះ យើង​ឃើញថា មាន​ណ្ឋា​គារ​និង​ផ្ទះសំណាក់​មួយចំនួន​នៅ​ខេត្ត ក៏បាន​បញ្ចុះតម្លៃ​ស្នាក់នៅ​ផងដែរ ដូច្នេះ​រំពឹងថា នៅក្នុង​ឱកាស​នេះ នឹងធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្ត ល្អប្រសើរ​ជាង​បច្ចុប្បន្ន ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ទទួលបាន​ចំណូល​ខ្លះ​សម្រាប់​ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការ​ទៅមុខទៀត​បាន ហើយ​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ក៏​អាច​ទទួលបាន​ប្រយោជន៍​ទាំង​ដោយផ្ទាល់ និង​ប្រយោល​ផងដែរ​។​

​សូមបញ្ជាក់ថា ដោយសារ​បច្ចុប្បន្ននេះ​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរខេត្ត​ក៏បាន​គិតគូរ និង​ទទូច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​៖ ១.​កុំ​ភ្លេច​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ ហើយ​អាជ្ញាធរ​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ ៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​