កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ប្រចាំខេត្ត​កោះកុង បានរៀបចំ​វេទិកា​អ្នកពាក់ព័ន្ធ​ចម្រុះ សំរាប់​បណ្តុំ​អាជីវកម្ម​បន្លែ​

​កោះកុង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ប្រចាំខេត្ត​កោះកុង បានរៀបចំ​វេទិកា​អ្នកពាក់ព័ន្ធ​ចម្រុះ សំរាប់​បណ្តុំ​អាជីវកម្ម​បន្លែ នៅ​វត្ត​ស្រែអំបិល ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

​វេទិកា​អ្នកពាក់ព័ន្ធ​ចម្រុះ​នេះ​ដំណើរការ​ក្រោម​អធិបតីភាព លោក លាស់ ប៉ូ​លីវ​ណ្ណ ប្រធានការិយាល័យ​កសិក​ម្ម ធនធានធម្មជាតិ និង​បរិស្ថាន ស្រុកស្រែ​អំបិល និង​ជា​ប្រធាន​អនុ​កម្មវិធី ASPIRE ប្រចាំ​ស្រុក​ស្រែអំបិល ព្រមទាំង​ចូលរួម​រៀបចំ​សម្របសម្រួល​ដោយ​ក្រុមទី​ប្រឹក្សា​អនុ​កម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារ​អនុ​កម្មវិធី ASPIRE ប្រចាំខេត្ត និង​ប្រចាំ​ស្រុកស្រែ​អំបិល ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​ស្រែអំបិល និង​អញ្ជើញ​ចូលរួម​ពី​ជំទប់​ទី​១ លោក​មេភូមិ និង​កសិករ​អ្នក​ដាំ​បន្លែ​ចំនួន ២៤ នាក់ អ្នកលក់​ធាតុ​ចូល 0១​នាក់ និង​អ្នកទទួល​ទិញ 0២​នាក់ សរុប​ចំនួន ៣៧ នាក់ ស្រី​១៥ នាក់​។ ជា​លទ្ធផល​អង្គពិធី​បាន​ពិភាក្សា​យ៉ាង​ផុលផុស​អំពី​តម្រូវការ​របស់​អ្នកប្រើប្រាស់ លទ្ធភាព​ផ្គត់ផ្គង់​របស់​អ្នក​ផលិត បញ្ហា​ជួបប្រទះ បទពិសោធន៍​ក្នុង​ការផលិត និង​លក់ ជាពិសេស​បាន​ស្វែងយល់​ពី​វិធីសាស្ត្រ និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ របស់​កម្មវិធី​។

​ក្នុងនោះ​បញ្ហា​ជួបប្រទះ​ដែល​កើតមានឡើង​សំរាប់​កសិករ​ផលិត​មានដូចជា ១). កង្វះ​ប្រព័ន្ធ​ស្រោចស្រព ២). កង្វះ​បច្ចេកទេស​ដាំ​ដុះ ៣). បញ្ហា​សត្វល្អិត និង​ជំងឺ ៤). ពិបាក​រក​ពូជ និង​សម្ភារៈប្រើប្រាស់​ដែលមាន​គុណភាព ៥). ទីផ្សារ​មិនមាន​ស្ថេរភាព ៦). មិនអាច​ដាំ​ពេញ​មួយឆ្នាំ​បាន​។ ចំណែកឯ​អ្នកទទួល​ទិញ​ក៏​ជួប​នូវ​បញ្ហា​ផងដែរ​ដែលមាន​ដូចជា ១). មានការ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ក្នុងតម្លៃ​ទាប ២). អ្នកប្រើប្រាស់​មិនទាន់​ស្គាល់ លក់​មិនបាន​ប្រាក់ចំណេញ ៣). ការផ្គត់ផ្គង់​មិនមាន​ទៀត​ទាត់​។ បញ្ហា​ជួបប្រទះ​ទាំងនេះ ត្រូវបាន​សម្របសម្រួល​ដោះស្រាយ តាមរយៈ​ការឆ្លើយតប​របស់​មន្ត្រី​ជំនាញ​លើ​ផ្នែក​បច្ចេកទេស និង​កិច្ចពិភាក្សា​យោគយល់​គ្នា​ចំពោះ​ភាពចាំបាច់​ក្នុង​ការរៀន​ចំ​ធ្វើ​ផែនការ​រួមគ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ ជាពិសេស​បង្កើតអោយមាន កិច្ចសន្យា​ផ្គត់ផ្គង់ និង​ទទួល​ទិញ​ច្បាស់លាស់​។ សម្រាប់​ទិសដៅ​បន្ត​៖ ១. ការគាំទ្រ​គ្រួសារ​បណ្តុំ និង​ណែនាំ​ឲ្យ​ចេះ​បំពេញ​ផែនការអាជីវកម្ម​, ២. គាំទ្រ​បច្ចេកទេស និង​សម្ភារៈ​ដល់​សមាជិក​បណ្តុំ វេទិកា​ត្រូវបាន​បញ្ចប់​ដោយ​មតិ​សំណេះសំណាល និង​ផ្តាំផ្ញើរ របស់លោក លាស់ ប៉ូ​លីវ​ណ្ណ ក្នុង​បរិយាកាស​សប្បាយរីករាយ ដែល​លទ្ធផល​ត្រូវបាន​សម្រេច​ដូច​ការរំពឹងទុក​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​