ឯកឧត្តម​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ​បាន​អញ្ជើញ​ធ្វើ​ពិធី​ព្រលែង​សត្វ​អណ្ដើក​ធំៗ​ចំនួន​ពីរ​ក្បាល​

រតនគិរី៖ ​នៅវេលា​ម៉ោង​៣​និង​០០​នាទី​ល្ងាច ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ អមដំណើរ​ដោយ​លោក លោកស្រី ជា​មន្ត្រី​អ្នកមុខអ្នកការ​មួយចំនួន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​រៀបចំ​ពិធី​ព្រលែង​សត្វ​អណ្ដើក​ធំៗ​ចំនួន​ពីរ​ក្បាល​ទៅក្នុង​ទឹក​បឹង​កន្សែង ស្ថិតនៅក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ឯកឧត្តម ប៊ូ ឡាំ បាន​ថ្លែងថា ការរៀបចំ​ពិធី​ព្រលែង​សត្វ​អណ្ដើក​ធំៗ​ទាំង​២​ក្បាល​នេះ គឺ​ក្នុង​គោលបំណង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ក៏​ដូច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល និង​សុំ​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី លោកតា​បឹង​កន្សែង ជួយ​តាម​បីបាច់​ថែរក្សា​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​មាន​សេចក្តីសុខ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ ដែល​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​ជួប​ប្រឈម​មួយរយៈ​ពេល​មកនេះ​។ ម្យ៉ាងទៀត​បើ​យើង​គិត​ទៅតាម​ជំនឿ​សាសនា ការ​ព្រលែង​សត្វ​អណ្តើក​គឺជា​ការជួយ​រំដោះ​កម្ម​ពៀរ​គ្រោះភ័យ​ទាំងឡាយ​ផងដែរ​។ ទន្ទឹមនឹងនោះ​ការ​ព្រលែង​សត្វព្រៃ គឺជា​ការចូលរួមចំណែក​ក្នុងការ​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ​ដែលជា​សម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ គួរបញ្ជាក់ ដែរ​ថាស​ត្វ​អណ្ដើក​ទាំងពីរ​ក្បាល​នេះ​ឯកឧត្តម​បានទទួល​ពី​បងប្អូន​ប្រជាពលរដ្ឋ​យកមក​ជូន​ឯកឧត្តម ប៉ុន្តែ​ឯកឧត្តម​ឃើញ​អណ្ដើក​ធំៗ​ក៏​យកមក​ព្រលែង​ដើម្បី​រួមចំណែក​អភិរក្ស​សត្វព្រៃ​ផង​និង​បួងសួង​សុំ​ក្តី​សុខ​ចំរើន​ដល់​ប្រជាពលរដ្ឋ​ផង​។ សត្វ​អណ្តើក​ទាំងនោះ​មាន​មួយ​ជា​ប្រភេទ​សត្វ​អណ្តើ​កសកល និង​មួយទៀត​ជា​ប្រភេទ​សត្វ​អណ្តើកក្អែក ដែលមាន​ទម្ងន់​៥​គីឡូក្រាម​១ និង​១០​គីឡូក្រាម​១​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​ក្នុងការ​បញ្ចៀស​នូវ​រាល់​ហានិភ័យ​ផ្សេងៗ​ដែល​បណ្តាលមកពី​មេរោគ​កូ​រ៉ូ​ណា ឬ​ហៅថា កូ​វីដ​-១៩៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី