គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តព្រះសីហនុ បានចុះធ្វើការតាមដាន នៅតាមមូលដ្ឋានជនបទ អំពីជីវភាពនិងការសិក្សារបស់កុមារតាមរយៈប្រព័ន្ធអនឡាញ

(ព្រះសីហនុ)៖ ឯកឧត្តម ឆេង សុភ័ក្រ អនុប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តព្រះសីហនុដែលដឹកនាំក្រុមការងារចុះដោយផ្ទាល់ ដើម្បីតាមដានស្ថានភាពស្ត្រីនិងកុមារនៅតាមមូលដ្ឋានជនបទអំពីជីវភាពនិងស្ថានភាពការសិក្សារបស់កុមារតាមរយៈប្រព័ន្ធអនឡាញនិងតាមរយៈ ទទក២ ក្នុងរយៈការនៃការទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានក្នុង ឃុំទាំង៤របស់ស្រុកកំពង់សិលាខេត្តព្រះសីហនុ ។

មានប្រសាសន៍សំណេះសំណាលក្នុងការចុះ តាមដានស្ថានភាពស្ត្រីនិងកុមារនៅតាមមូលដ្ឋានជនបទអំពីជីវភាពនិងស្ថានភាពនៃការសិក្សារបស់កុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះផងដែរឯកឧត្តម ឆេងសុភ័ក្រ អនុប្រធានក្រុមការងារបានលើកឡើងថាដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមជាមហ៊ីមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុឲ្យក្រុមការងារចុះតាមដាន ដោយផ្ទាល់អំពីស្ថានភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលសិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងស្រុកកំពង់សិលាទាំង៤ឃុំដើម្បី ស្វែងយល់អំពីការសិក្សារបស់សិស្សានុសិស្សក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការសិក្សាតាមការណែនាំរបស់ក្រសួងអប់រំ។

ក្រោយពីការចុះតាមដានអំពីការសិក្សារបស់ប្អូនប្អូនសិស្សានុសិស្សនៅតាមជនបទក្នុងស្រុកព្រៃនប់ លោកបានលើកឡើងថាមានបងប្អូនប្រជាពលរដ្ឋដែលអាណាព្យាបាលជួបការលំបាកក្រីក្រមិនមានលទ្ធភាពក្នុងការឲ្យកូនសិក្សារៀនសូត្រនៅតាម ប្រព័ន្ធបច្ចេកវិទ្យា online ទូរទស្សន៍ទទក២ ដែលពួកគាត់មិនមានលទ្ធភាពក្នុងការទិញ សម្ភារៈទាំងនោះឲ្យកូនកូនរបស់ពួកគាត់ ។

ក្នុងនោះប្អូនប្អូន សិស្សានុសិស បានលើកឡើងថា ពួកគាត់ មួយចំនួនបានសិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យាអនឡាញនិងទូរទស្សន៍និងមួយចំនួនធំ ពួកគាត់បានលើកឡើងថា មិនមានលទ្ធភាព សិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញ ឱ្យមានការសិក្សានោះទេព្រោះ ពួកគាត់បានលើកឡើងថាអាណាព្យាបាលរបស់គាត់មិនមានលទ្ធភាពក្នុងការទិញសម្ភារៈឲ្យពួកគាត់សិក្សា។ ដូចនេះក្នុងនាមក្រុមការងារចុះស្រង់ស្ថិតិនិងតាមដានអំពីស្ថានភាពជីវភាពគ្រួសារនិងការសិក្សារបស់ប្អូនប្អូនសិស្សានុសិស្សតាមប្រព័ន្ធបច្ចេកវិទ្យា នឹងពាំនាំជូនឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយអំពីបញ្ហា ជីវភាពខ្វះខាតរបស់អាណាព្យាបាលនិងប្អូនៗសិស្សានុសិស្សនេះផងដែរ ។

ហើយក្នុងការ តាមដានចុះស្រង់ ស្ថិតិអំពីគ្រួសារក្រីក្រ និងសិស្សានុសិស្សដែលមិនមានលទ្ធភាពក្នុងការសិក្សានៅក្នុងស្រុកកំពង់សិលាទាំង៤ឃុំគ្រោងនិងបញ្ចប់នៅថ្ងៃទី ១៦ខែសីហាឆ្នាំ ២០២០ នេះ ក្រុមការងារបានស្រង់ស្ថិតិ ដែលនឹងត្រូវបញ្ចប់ទាំង ៤ឃុំ ដើម្បីបូកសរុបជូនថ្នាក់ដឹកនាំនិងមានវិធានការបន្តទៅស្រុកផ្សេងៗទៀត ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ