ឯកឧត្តម ម៉ែន វិបុល ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍

(ស្វាយរៀង)៖ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃពុធ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ចេក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ គំនូសសញ្ញាឈប់ ទៅមុខនៅពេលភ្លើងសញ្ញាអាទិភាព ដែលប្រារព្ធធ្វើនៅទីតាំង៣កន្លែងរួមមាន៖ ចំណុចរង្វង់មូលផ្លូវហាយវ៉េ,ភ្លើងស្តុបសួនតាឌី និងកែងផ្ទះសំណាក់សមាគមន៍នារី ។

ការចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនោះ បានធ្វើឡើងក្រោមប្រធានបទ ការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងផ្លាកសញ្ញាចរាចរណ៍ ការឆ្លើយសំណួរយករង្វាន់ មួកសុវត្ថិភាព អាវយឺតជាដើម។

មានមតិក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៏ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរ ដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ ។ ល ។

បញ្ហាទាំងនេះ បានទទួលការយកចិត្តទុកដាក់ទីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៏ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក ប្រព័ន្ធព័ត៍មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទស្សវត្តសុវត្ថិភាពចរាចរណ៏ផ្លូវគោករយៈពេល ១០ ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និង អ្នករួមដំណើពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ ។ ទទន្ទឹមនោះ ត្រូវគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។ល។

ឯកឧត្តមបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្សនៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លា ។ ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។

ក្នុងយុទ្ធនាការនេះសាខាបានចែកមួកសុវត្ថិភាពចំនួន ១១០ មួក អាវយឺត ១៨០ អាវ ខិតប័ណ្ណផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមានអ្នកចូលរួម ផ្សព្វផ្សាយ និងឆ្លើយ សំណួរសរុប ២៩៣ នាក់ ស្រី ៧២ នាក់៕  ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង