ផ្កា​អូ​ស្មូ ដែលជា​ប្រភេទ​ផ្កា​នាំចូល​ពី​ក្រៅប្រទេស កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ក្នុងស្រុក

​សៀមរាប​៖ អ្នកនាង ឡុង ស៊ូ​ឡេង អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​ក្រ​វ៉ាន់​សៀមរាប រ៉េ​ស៊ី​ដេ​ន ស្ថិតក្នុង​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹងថា ផ្កា​អូ​ស្មូ ជា​ប្រភេទ​ផ្កា​នាំចូល​មកពី​ប្រទេស​ចិន មាន​ផ្កា​រីក​ចម្រុះ​ពណ៌​ដែល​គួរ​ឲ្យ​គយគន់ ហើយ​ចាប់ពី​រយៈពេល​នៃ​ការដាំ រហូតដល់​មាន​អាយុ​បាន​១​ខែ​កន្លះ បានចេញ​ជា​ផ្កា​រីក​ចម្រុះ​ព៌​ណ ប៉ុន្តែ​វា​ស្វិត​ទៅវិញ​ក្នុង​រយៈពេល​៤​ខែ ហើយ​មុននឹង​ទទួលបាន​លទ្ធផល​ដូច​ពេលនេះ គឺ​យើង​បាន​ដាំ​សាកល្បង​ចំនួន​បី​ដង​រួចមកហើយ ខណៈ​បច្ចុប្បន្ននេះ ផ្កា​អូ​ស្មូ​មិនទាន់​រីក​គ្រប់​ដើម​នៅឡើយ​នោះទេ ។​

​អ្នកនាង ឡុង ស៊ូ​ឡេង បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​អ្នកស្រី​បានជ្រើសរើស​យក​ទីកន្លែង​ក្បែ​ជើងភ្នំ​គូលែន សម្រាប់​ការដាំ​ផ្កា​អូ​ស្មូ​នេះ គឺ​ស្រប​ពេលដែល​ផ្កា​អូ​ស្មូ​នេះ បានចេញ​ផ្កា​រីក​ចម្រុះ​ព៌​ណ​ផង គួបផ្សំ​នឹង​ទេសភាព​ធម្មជាតិ​ព៌​ណ​ខៀវស្រងាត់​ផង​នោះ បានធ្វើ​ឲ្យ​តំបន់​នេះ​មាន​សម្រស់​ស្រស់ត្រកាល កាន់តែ​មាន​ភាព​ទាក់ទាញ​ជាខ្លាំង ដែលជា​ទូទៅ​នៅ​ថ្ងៃ​ឈប់សម្រាក រួមទាំង​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​ផង មាន​អ្នក​ទេសចរណ៍​ក្នុងស្រុក​រាប់រយ​នាក់ បាន​ទៅ​ទស្សនា​ដោយ​មិន​គិតថ្លៃ ប៉ុន្ដែ​នៅ​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​នៅ​ពាក់កណ្ដាល​ខែសីហា​ខាងមុខនេះ អាច​នឹង​ដាក់លក់​សំបុត្រ​សម្រាប់​ការចូល​ទស្សនា ។

​អ្នកនាង ឡុង ស៊ូ​ឡេង បាន​ឲ្យ​ដឹង​បន្ថែមទៀតថា រ​ណី​យ​ដ្ឋា​ន​ក្រវាន់​សៀមរាប រ៉េ​ស៊ី​ដេ​ន​នេះ មាន​ផ្ទៃដី​ជាង​១​រយ​ហិកតា ហើយ​ក្រៅពី​ផ្ទៃដី​សម្រាប់​ដាំ​ផ្កា​អូ​ស្មូ​នេះ យើង​ក៏មាន​គម្រោង​រៀបចំ​កន្លែង​ទេសចរណ៍​ជាច្រើន​ទៀត រួមមាន ៖ ការដាំ​ដើម​ត្រពាំងបាយ​ជូរ , ការជីក​ព្រែក​សម្រាប់​ទូក​ទេសចរណ៍ និង ទីកន្លែង​សម្រាប់​បោះតង់​ស្នាក់នៅ​ជាដើម ដែល​នឹង​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២១ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​