លោកជំទាវ មិថុនា ភូ​ថង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ស្តីពី​វឌ្ឍនភាព នៃ​ការងារ​ពិនិត្យ​សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ

​កោះកុង​៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង អមដ​ណើ​រ​ដោយ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន រាជធានី​ភ្នំពេញ ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ តំណាង​ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាង​រដ្ឋបាល​ខេត្តកោះកុង អភិបាលក្រុង ស្រុក​ទាំង​៧​នៃ​ខេត្តកោះកុង មេឃុំ ចៅសង្កាត់ និង​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​នីតិវិធី និង​វិធីសាស្ត្រ​នៃ​ការធ្វើ​អត្តសញ្ញាណ​ក្បាលដី និង​អត្តសញ្ញាណ​គ្រួសារ​កាន់កាប់​ដី តាមរយៈ​ស្វ័យ​ប្រកាស​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​​បង្ហាញ​ពី​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ក្រុង ស្រុក​នីមួយៗ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​