សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣៥ ត្រូវបាន​យកមក​ពិនិត្យ និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ព្រឹក​មិញ​នេះ !

​សៀមរាប​៖ ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣៥ ត្រូវបាន​យកមក​ពិនិត្យ និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម អុ​ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ទូទាំង​ខេត្ត ។​

​ឯកឧត្ដម អុ​ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត ២០២០-២០៣៥ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ដែល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ការលើកស្ទួយ​វប្បធម៌​ជាតិ និង​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​សុំ​ឲ្យ​សមាជិក​នៃ​អង្គប្រជុំ​ត្រូវ​លើកឡើង​នូវ​ចំណុច​ណាមួយ​ដែល​ធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​យើង​នេះ​មាន​និរន្តរភាព ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ជា “​គោលដៅ ទេសចរណ៍​ប្រកបដោយ​គុណភាព មានការ​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​វិស័យនេះ​ច្បាស់លាស់ និង​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរ និង​ធនធានធម្មជាតិ​បានជា​អតិបរមា​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ ។​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់ថា សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣៥ មាន​ចំនួន​១០​ជំពូក ដោយ​ផ្អែកលើ​អភិក្រម​គោល​ចំនួន​០២ គឺ ៖ ទី​១. ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ទៅលើ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​រូបិយ និង​អ​រូបិយ ប្រកបដោយ គុណ​តម្លៃ​វិសេសវិសាល និង ២. ការអភិវឌ្ឍ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បរិ​យា​ប័ន្ន ដែលមាន​ការគិតគូរ​ដល់​ផលប្រយោជន៍ សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​លោក ង៉ូ​វ សេង​កាក់ បានបញ្ជាក់​ទៀតថា ផែនការ​មេនេះ ក៏ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​បំណងប្រាថ្នា ចំនួន​០៣​ដែរ គឺ ៖ ទី​១. សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់ ជា​លក្ខណៈ​ជាស​កល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជាច្រើន​ទៀត , ២. ធានា​ឲ្យ​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច -​សង្គម​ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍​ពោលគឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ តំបន់​ទីក្រុង​ដែលមាន​ស្ទឹង​សៀមរាប តំបន់​ទន្លេសាប ឧទ្យាន​ជាតិ​គូ​លេន និង​តំបន់​ជនបទ ដែលជា​គោលដៅ​ទេសចរណ៍​ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ និង ទី​៣. ខេត្តសៀមរាប​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ពី​គោលដៅ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ ទៅជា​គោលដៅ​ទេសចរណ៍​មានគុណ​ភាព សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ម្តង​ហើយ​ម្តងទៀត និង​ភ្ញៀវទេសចរ កម្រិត​ខ្ពស់​អាច បង្កើន​នូវ​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិ​យា​ប័ន្ន ។​

​គួររំលឹកថា នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការពិភាក្សាគ្នា​យ៉ាងសកម្ម​ផងដែរ ទៅលើ​ចំណុច​មួយចំនួន​ដែលជា​បញ្ហា​ប្រឈម​ប៉ះពាល់​ដល់​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​នេះ ក្នុងនោះ​និរន្តរភាព​នៃ​ទឹកធ្លាក់​ភ្នំ​គូលែន , និរន្តរភាព​នៃ​ទឹកស្ទឹង​សៀមរាប , និរន្តរភាព​នៃ​ទឹក​បឹង​ទន្លេសាប ខណៈ​បច្ចុប្បន្ន​មានការ​គោក​រាក់ ដើម្បី​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក ពៅ ពិសិដ្ឋ បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមាជិក​នៃ​អង្គប្រជុំ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ពិភាក្សាគ្នា​យ៉ាង​ផុលផុស ក្នុង​គោលដៅ​លើកកម្ពស់​ប្រសិទ្ធភាព​និរន្តរភាព នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​នេះ ព្រោះថា​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ដ៏​វែងឆ្ងាយ និង​មាន​ភាពបត់បែន​ជាច្រើន ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ហើយ​កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ដើម្បី​សម្រេច​ទិសដៅ​អនាគត​ដែល​តម្រូវ​ឲ្យ​មានការ​កំណត់​មាគ៌ា​ដឹកនាំ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដែល​គ្រប់គ្រង​បាន​នូវ​ឧបសគ្គ និង​ផ្តល់​ក្តីសង្ឃឹម​មាន​ភាពប្រាកដនិយម រក្សាបាន​នូវ​សុខដុម​នីយកម្ម និង​ចីរភាព​នៃ​ដំណើរការ​អភិវឌ្ឍ​រប​ស់​ខ្លួន ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​