រដ្ឋបាលខេត្ត​រតនគិរី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ដើម្បី​ពិនិត្យ​លើ​ការងារ ចុះបញ្ជី​ដី​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ពិនិត្យ និង​វាយតម្លៃ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ការងារ​ចាំបាច់​មួយចំនួន​ពាក់ព័ន្ធ​ដី​ក្រុមហ៊ុន ដាយ​ដុង​យឿ​ង​, ឌី​អ៊ឹម​គ្រុប​, ជាំ​ង​លី​, សុ​ី អេ​ច អេស អិន​, និង​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​តំបន់​វិនិច្ឆ័យ ស្ថិតក្នុង​ស្រុក​អូរ​ជុំ អូ​រយ៉ា​ដាវ អណ្តូង​មាស ក្រុង​បាន​លុង និង​បញ្ហា​មួយចំនួនទៀត​។​

​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​មាន​គោលបំណង​ដើម្បី​ពិនិត្យ​លើ​ការងារ​ចុះបញ្ជី​ដី​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ពិនិត្យ និង​វាយតម្លៃ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតនៅ​ស្រុក​អូរ​ជុំ ស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្តូង​មាស និង​ក្រុង​បាន​លុង​។​

​ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​គ្រប់ភាគី​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​មកពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ដែល​ពាក់ព័ន្ធ និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ច្បាស់លាស់​នៃ​របាយការណ៍​លទ្ធផល​ស្ដីពី​ការចុះ​កំណត់​ព្រំ វាស់វែង ដើម្បី​ចុះបញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​តំបន់​វិនិច្ឆ័យ​ស្ថិតក្នុង​ស្រុក​អូរ​ជុំ អូ​រយ៉ា​ដាវ អណ្តូង​មាស ក្រុង​បាន​លុង និង​បញ្ហា​មួយចំនួនទៀត​។​

​ឯកឧត្តម​ក៏បាន​ថ្លែង​ការកោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល បាន​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​លើ​ការចុះបញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​តំបន់​វិនិច្ឆ័យ​កន្លងមក​ដោយ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កោតសរសើរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​