ប្រាសាទបាយក្អែក​នឹង​រៀបចំ​ឱ្យ​ក្លាយជា​សារមន្ទីរ​លម្ហរ​ដ៏​ទាក់ទាញ​ពី​ភ្ញៀវទេសចរ !

​សៀមរាប​៖ ប្រាសាទបាយក្អែក មាន​ទីតាំងនៅ​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​មិនសូវមាន​អ្នក​ស្គាល់​ឡើយ​កន្លងមក​។ ភ្ញៀវទេសចរ​ភាគច្រើន​តែង​ឆ្លងកាត់​ទៅ​ហួស​មក​ហួស ប៉ុន្ដែ​បច្ចុប្បន្ននេះ អាជ្ញាធ​ជាតិ​អប្សរា គ្រោង​នឹង​ជួសជុល និង​រៀបចំ​ឱ្យ​ក្លាយជា​សារមន្ទីរ​លម្ហ​ដ៏​ទាក់ទាញ​ពី​ភ្ញៀវទេសចរ​នាពេលខាងមុខ​។​

​ឯកឧត្ដម ហង់ ពៅ មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​នេះ​ថា បច្ចុប្បន្ន​ប្រាសាទ​នេះ មាន​ប្រាសាទ​នេះ​ស្ថានភាព​បាក់បែក​ទ្រុឌទ្រោម​នៅសល់តែ​គ្រឹះ ហើយ​រចនា​សម្ពន្ធ​ប្រាសាទ​បាក់បែក ស្លាកស្នាម​នៅសល់​ជើង​ទម្រ ព្រះ​សីស​:​ព្រះ​ពោធិសត្វ ប្រាជ្ញ​បារមី​តាម​រចនាបថ​បា​យ័ន្ត និង​សសរ​ពេជ្រ ដែល​តាម​អ្នកជំនាញ​សន្និដ្ឋានថា ប្រាសាទ​នេះ​សាងសង់ឡើង​នៅ​ចុង​ស​.​វ​.​ទី​១២ តាម​រចនាបថ​បា​យ័ន្ត​។ នៅ​ជុំវិញ​ប្រាសាទ​ជាទី​សក្ការ​:​នេះ សម្បូរ​ទៅដោយ​ទួល​ជាច្រើន​ដែល​មនុស្ស​រស់នៅ ហើយ​ប្រហែលជា​អាចមាន​មនុស្ស​រស់នៅ​មុន​មាន​ប្រាសាទ​ក៏​ថា​បាន​។

​ឯកឧត្តម​អគ្គនាយក បាន​បន្ដថា អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ជាមួយ​អ្នកជំនាញ​ពាក់ព័ន្ធ រួមគ្នា​លើក​តម្លៃ​ប្រាសាទបាយក្អែក​ឱ្យក្លាយ​ជា​សារមន្ទីរ​លម្ហ ដើម្បី​ទាក់ទាញ​ទេសចរ និង​អភិរក្ស​សំណង់​ប្រាសាទ​ឱ្យ​ផុតពី​ហា​នី​ភ័យ​។​
​បើ​ត​តាម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អោយដឹងទៀតថា ស្ថាប័ន​នេះ នឹង​អភិវឌ្ឍន៍​នៅ​ជុំវិញ​ប្រាសាទបាយក្អែក ក៏ដូចជា​នៅខាងមុខ​អង្គរវត្ដ នឹងមាន​ការអភិវឌ្ឍ​ន៍​អោយមាន​ភាព​ពណ៌​បៃតង​គ្រប់​រដូវ​កាល ខណ​:​ដែល​បច្ចុប្បន្ននេះ ក្រុមការងារ​នឹង​កំពុង​ដាំ​ដើមឈើ ដាំ​ស្មៅ ស្តារ​ស្រះ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ តាំង​បង្ហាញ​ប្រវត្តិ​ប្រាសាទ និង​លទ្ធផល​បាន​ពី​កំណាយ ដោយ​រៀបចំ​ទីតាំង​នេ​ឱ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា សម្រាកកាយ និង​ការរៀបចំ​ពិធី​ផ្សេងៗ​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​