លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ពលរដ្ឋចំនួន ១២៦ គ្រួសារ

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ម៉ុម សារឿន ប្រធានកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន ១២៦ គ្រួសារ រស់នៅភូមិចំនួន៤ ឃុំចំនួន ២ ក្នុងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តស្រែឫស្សី ឃុំស្រីឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំព្រះរាជបន្ទូលនិងប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានយាង-អញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ ការបរិភោគស្អាត និងត្រូវធ្វេីលំហាត់ប្រាណឱ្យបានទៀងទាត់។
បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវវស្សានេះ ជាពិសេសការកេីតឡេីងវិញនូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលដល់ ១៥ខេត្តហើយនៅក្នុងប្រទេសកម្ពុជា ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈមូសខ្លាញី និងស្អាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលដក់ទឹកបាន ត្រូវដេកក្នុងមុង(ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមយកពួកទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។

ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល សូមបងប្អូនខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូដុំ ២ដុំ និងថវិកាមួយចំនួន ជូនដល់ចាស់ជរា ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង