មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប !

សៀមរាប៖ ​នា​រសៀល​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី សា​រ៉ា លា​រី Sarah Leary លេខា​ទី​១ របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្រោយ​បញ្ចប់​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៨ ក្រោម​ជំនួយ​ឧបត្ថម​ពីសារ​ជីវ​កម្ម​សោតទស្សន៍​ABC អូស្ត្រាលី រយៈពេល​៨​ឆ្នាំ ក្នុង​ខេត្ត​ចំនួន​៤ រួមមាន សៀមរាប បាត់ដំបង កំពង់ចាម និង​កំពត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម លីវ សុខុន បាន​សម្តែង​ការរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ទីភ្នាក់ងារ​អូស្ត្រាលី ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ បាន​គាំទ្រ និង​ឧបត្ថម្ភ​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មានលទ្ធភាព​ខ្ពស់ ក្នុងការ​សម្តែង​មតិ​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​កម្ពុជា​។ គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ឬ CCAP បាន​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ចំនួន​៤ តាមរយៈ​ការចូលរួម​របស់​វិទ្យុ​ខេត្ត ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទាក់ទង​ជាមួយ​រាជរដ្ឋាភិបាល អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ប្រកបដោយ​គុណភាព និង​តម្លាភាព ។​

​ឯកឧត្តម​បន្តថា មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ទោះបី​ក្រោយ​បញ្ចប់​គម្រោង ដែល​ធ្លាប់​គាំទ្រ​ដោយ​CCAP នៅ​ចុងឆ្នាំ​២០១៨ ក៏ដោយ ប៉ុន្តែ​ក្នុងនោះ​មន្ទីរ​នៅតែ​ជំរុញ និង​បន្ត​អនុវត្ត​ផលិតកម្ម​វិធី ប្រកបដោយ​និរន្ត​ភាព ដើម្បី​ផ្តល់ព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​រវាង​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ តាមរយៈ​ការផលិត​កម្ម​សន្ទនា​ម​តិ កម្មវិធី​យើង​បាន និង​កម្មវិធី​សំឡេង​យុវវ័យ ដោយមាន​ការចូលរួម​ពី​វាគ្មិន​ជំនាញ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​ប្រកាន់​និនាការ​នយោបាយ​ឡើយ ។ ជាមួយគ្នានេះ មន្ទីរ​ថែមទាំង​ពង្រីក​ការផ្សាយ​ពី​វិទ្យុ ទៅ​ទូរទស្សន៍​បន្ថែម​ទៀតផង បើទោះជា​ជួប​ឧ​ប​ស័គ្គ និង​បញ្ហា​ប្រឈម​មួយចំនួន​ក្តី ។

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោកស្រី សា​រ៉ា លា​រី ក៏បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​មន្ត្រី និង​ថ្នាក់​ដក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​អនុវត្ត​គម្រោង CCAP​កន្លងមក បើទោះបីជា​បានបញ្ចប់​គម្រោង​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ហើយ​ក្តី ប៉ុន្តែ​មន្ទីរ​នៅតែ​បន្ត​អនុវត្ត និង​រក្សា​អត្តសញ្ញាណ​ដើម នៃ​កម្មវិធី​ទាំងអស់ ។ ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ក្រោម​ការ​ឧបត្ថម​ពីសារ​ជីវ​កម្ម​សោតទស្សន៍​អូស្ត្រាលី បាន​ផ្តោតទៅលើ​មន្ទីរ​ព័ត៌មាន​ខេត្ត​គោលដៅ​ចំនួន​៤​រួមមាន សៀមរាប បាត់ដំបង កំពង់ចាម កំពត ដោយ​អនុវត្ត​ជា​៣​ដំណាកកាល ចាប់តាំងពី​ឆ្នាំ​២០១១ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​