ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ​ចំនួន ១១៥​គ្រួសារ មកពី​ឃុំ​ចំនួន​២ នៃ​ស្រុក​ប្រាសាទបាគង ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​!

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ លោក ពិន​ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អមដំណើរ​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ​ចំនួន ១១៥​គ្រួសារ នៅក្នុង​ឃុំ​ទាំង​០២ គឺ​ឃុំ​បាគង និង​ឃុំ​កន្ទ្រាំ​ង នៃ​ស្រុក​ប្រាសាទបាគង ដែល​ផ្ដល់​តាមរយ​:​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​: អង្ករ ២០​គីឡូក្រាម ,​មី​១​កេស , ត្រីខ​១​យួរ , ទឹកត្រី​១​យួរ និង​ប៊ីចេង​១​កញ្ចប់​ផងដែរ ។​

​បើតាម​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា​ខេត្ត បាន​បង្ហាញថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២០​កន្លងទៅ បាន​ចែកជូន​ដល់​ចាស់ជរា​ក្រីក្រ​នៅតាម​សហគមន៍ ក្នុងស្រុក​ចំនួន​៤ មានស្រុក​ស្រីស្នំ ស្វាយ​លើ ពួក និង​ស្រុក​សូទ្រនិគម​ន៍ និង​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ១,៥៩១​គ្រួសារ​រួមទាំង​ស្រុក​ប្រាសាទបាគង​ចំនួន ១១៥​គ្រួសារ ទៀត​ទាំងអស់​ចំនួន​១,៧០៦​គ្រួសារ ។ នៅពេល​ខាងមុខ មន្ទីរ​នឹង​បន្ត​រៀបចំ​ផែនការ​ជា​ជំ​ហ៊ាន​បន្តបន្ទាប់ ដើម្បី​ជួយ​ស្រោចស្រង់ ក្រោមរូបភាព​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដទៃៗ​ទៀត តាម​ស្ថានភាព​ចាំបាច់​របស់​គ្រួសារ​រងគ្រោះ ។

​ថ្លែង​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ ក្នុងនាម​អាជ្ញាធរខេត្ត សូម​សម្ដែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជា​និច្ចកាល តែង​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​ជួបប្រទះ​នូវ​ភាពក្រីក្រ និង គ្រោះធម្មជាតិ​ផ្សេងៗ ខណៈដែល​សម្ដេច​តេ​ជោ ធ្លាប់បាន​មានប្រសាសន៍ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​រង គ្រោះ ដោយ​អត់​អាហារ​នោះឡើយ​។ ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ផងដែរ ក្នុងការ​ផ្តល់​គោល​របប​គោលនយោបាយ ជូន​ដល់​គ្រួសារ​ក្រីក្រ និង បងប្អូន​ជា​ស្ត្រី និង កម្ម​ការី​នី ដោយ​ទទួលបាន​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ព្រមទាំង​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង មណ្ឌល​សុខភាព ដោយ​មិន​គិតពី​តម្លៃ​សេវា ។​

​ជាមួយគ្នា​នោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​ក្រើនរំលឹក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ពី​បញ្ហា​នៃ​ជំងឺ​កូ​វីត​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់​ផង ក្រុមគ្រួសារ​យើង​ផង និង សហគមន៍​យើង​ផង ពិសេស​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធប្រឆាំង​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង​អនុវត្ត​ឲ្យ​បាន​តាម​ការណែនាំ និង​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ជាមួយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​