ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ ជាង​២០០​គ្រួសារ ក្នុងស្រុក​បន្ទាយស្រី ទទួលបាន​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ លោក ង៉ាន ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អមដំណើរ​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង​អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ​ចំនួន ២៤៥​គ្រួសារ នៅក្នុង​ឃុំ​ទាំង​០៦ របស់​ស្រុក ដែល​ផ្ដល់​តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​: អង្ករ ២០​គីឡូក្រាម ,​មី​១​កេស , ត្រីខ​១​យួរ , ទឹកត្រី​១​យួរ និង​ប៊ីចេង​១​កញ្ចប់ ដែល​ពិធី​នេះ បានរៀបចំ​ឡើង​ក្នុង​បរិវេណ​វត្ត​សិលា​ចា​រ្យ​បន្ទាយស្រី ក្នុង​ឃុំ​ខ្នារ​សណ្ដាយ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត បាន​បញ្ជាក់ថា បញ្ហា​សុខុមាលភាព​សង្គម គឺជា​គោលដៅ​អាទិភាព​មួយ ក្នុងចំណោម​គោលដៅ​អាទិភាព​ទាំង​៨ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ដែល​ត្រូវ​យកចិត្តទុកដាក់ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​គ្រប់​និន្នាការ​។ កន្លងមក​មន្ទីរ​សង្គម​កិច្ច យកចិត្តទុកដាក់ ដោះស្រាយ​រាល់​បញ្ហា​ជួប​ការលំបាក​របស់​បងប្អូន សំខាន់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ គឺ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ការផ្តល់​អំណោយ​ជា​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ជូន​មនុស្ស​ចាស់ជរា ជន​ងាយ​រងគ្រោះ និង​ជន​រង​ដោយ​គ្រោះធម្មជាតិ​នៅក្នុង​ទូទាំង​ខេត្តសៀមរាប សរុប​ចំនួន ១.៥៩១​គ្រួសារ ។​

​លោក ង៉ាន ភិ​រុណ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម រួមមាន ការ​គាំពារ​មនុស្ស​វ័យ​ចំណាស់ និង​ការ​គាំពារ​ទៅលើ​សុខុមាលភាព​ស្ត្រី និង​កុមារ ដោយ​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ សម្រាប់​ការពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ដែល​បាន​អនុវត្ត​ចាប់ពី​ដើម ឆ្នាំ​២០១៩​មក​ម្លេះ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប សូម​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តេ​ជោ​តែង​យកចិត្តទុកដាក់​ខ្ពស់​ចំព​ឡ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​ជួបប្រទះ​នូវ​ភាពក្រីក្រ និង គ្រោះធម្មជាតិ​ផ្សេងៗ ហើយ​សម្ដេច​តេ​ជោ ធ្លាប់មាន​ប្រសាសន៍ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​រងគ្រោះ ដោយ​អត់​អាហារ​នោះឡើយ ។ ជាមួយគ្នា​នោះ​ការផ្តល់​របប​គោលនយោបាយ​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​បងប្អូន​ជា​ស្ត្រី និង​កម្ម​ការី ដោយ​ទទួលបាន​របប​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ព្រមទាំង​ទៅពិនិត្យ និង ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង មណ្ឌល​សុខភាព​ដៃគូ ដោយ​មិន​គិតពី​តម្លៃ​សេវា​។

​ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើ​ក្រើនរំលឹក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​បញ្ហា​ជំងឺ​កូ​វីត​-១៩ ដោយ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់​ផង ក្រុមគ្រួសារ​យើង​ផង និង សហគមន៍​យើង​ផង​។ ដូច្នេះ​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ជាមួយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ។ ទន្ទឹម​នោះ ត្រូវ​ប្រុងប្រយ័ត្ន​ជំងឺ​គ្រុន​ឈី​ក​ផងដែរ​ដោយសារតែ​បច្ចុប្បន្ននេះ នៅក្នុង​ខេត្តសៀមរាប ចាប់តាំងពី​ចុងខែ​កក្កដា​មកទល់ពេលនេះ មាន​អ្នក​ឆ្លង​ជាង​១០០០​ករណី​ហើយ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ទប់​ស្គា​ត់ ដោយ​លុបបំបាត់​ប្រភព​ដង្កូវទឹក ប្រមូល​រាល់​វ​ត្តុ​ដក់​ទឹក ទៅ​កម្ទេច ឬ​កប់​ចោល កាប់ឆ្ការ​គម្ពោត​ព្រៃ​នៅ​ជុំវិញ​ផ្ទះ កុំ​គេង​នៅ​ទី​ងងឹត​នៅពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង កុមារ ឬ​មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​វែងៗ ការពារ​មូល​ខាំ បើកទ្វារ បង្អួច​ផ្ទះ​ឱ្យមាន​ពន្លឺ​ថ្ងៃ​ចេញចូល​គ្រប់គ្រាន់ ដើម្បី​ដេញ​មូស ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​